ខេត្តរតនគិរី ៖ ឈើប្រណីតប្រមាណ៥ម៉ែត្រគូបត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលធ្វើការបង្ក្រាប កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង៤និង៣០នាទី ល្ងាច ដែលលោក ម៉មវ៉ាន់ដា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានឡោមព័ទ្ធផ្ទះជនជាតិវៀតណាមម្នាក់នោះនៅកណ្តាលក្រុងបានលុង។ ម្ចាស់លំនៅដ្ឋាននេះត្រូវបានគេស្គាល់ឈ្មោះ ភ្ញៀន ភេទប្រុស ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពពត៌មានពីមន្ត្រីនគរបាលប្រឆាំងបទល្មើសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា មុនពេលកើតហេតុខាងលើរថយន្តមួយគ្រឿងបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ហើយបានបើករត់គេចពីស្រុកអូរយ៉ាដាវសំដៅទៅផ្ទះមួយកន្លែងនៅក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ហើយចាក់សោមិនឲ្យនគរបាលចូល ។
លោក ម៉ម វ៉ាន់ដា បញ្ជាក់ថា ម្ចាស់ផ្ទះជាអ្នកបើកឡាននោះ បានផ្លោះរបងរត់គេចខ្លួនបាត់នៅសល់តែអ្នកយាមផ្ទះជនជាតិវៀតណាមរាងស្រវឹងម្នាក់ ចេញទៅរារាំង ហើយនគរបាលបានចាប់ដាក់ខ្នោះឲ្យនៅស្ងៀម ទំរាំឆែកឆេរហើយដោះលែងវិញ។ លោកបានបន្តថា បន្ទាប់ពីឆែកឆេរក្នុងផ្ទះនោះ នគរបាលបានរកឃើញឈើគ្រញូងនិងធ្នង់សរុបជិត៥ម៉ែត្រគូប(ដែលក្នុងនោះគ្រញូងមាន១២០០ គីឡូក្រាម)។
បច្ចុប្បន្នឈើប្រណិតដែលរឹបអូសពីក្នុងលំនៅដ្ឋានជនល្មើសសមត្ថកិច្ចពុំទាន់កំណត់ និងបញ្ជាក់ចំនួនឈើនៅឡើយទេ។ ហើយឈើដែលរឹបអូសបានទាំងរថយន្តត្រូវបានមន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើលំផាត់នាំទៅរក្សាទុក ចំណាត់ការទៅតាមនិតិវិធីច្បាប់៕