រាជធានីភ្នំពេញ ៖ របាំងថ្មចែកទ្រូងផ្លូវមួយត្រូវបានបុរសម្នាក់ ស្រវឹងស្រាបើកបុកកាលពីវេលាម៉ោង ២៣និងនាទីយប់ថ្ងៃទី៦ ឧសភា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវព្រះសីហនុ ទល់មុខផ្សារទំនើបឡាក់គី ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញបុរសម្នាក់ជិះរថយន្តមួយគ្រឿងម៉ាកECLIPSE ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2E-1751 បើកបរធ្វដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុង ល្បឿនយ៉ាងលឿន ពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើជ្រុលល្បឿនរេចង្កូតបុកឡើងលើរបាំងថ្មពុះទ្រូងផ្លូវបណ្តាលឲ្យកង់រថយន្តគៀបជាប់នឹងរបាំងថ្មបន្តដំណើរទៅមុខលែងរួចទៀត រីឯបុរសជាម្ចាស់រថយន្តវិញក្រោយកើតហេតុបានបើកទ្វាររត់ចេញបាត់ស្រមោលសូន្យឈឹងតែម្តងបន្សល់ទុកតែរថយន្តចោលនៅនឹងកន្លែងកើតហេតុ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការអន្តរាគមន៍វាស់វែង និងស្ទូចយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំសាមីខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ជាក្រោយ៕