ខេត្តកណ្តាល ៖ យ៉ាងហោចណាស់មនុស្ស៥នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្ដដឹកស្រាបៀរអាន់ឆ័របើកបុករះម៉ូតូនិងរ៉ឺម៉កម៉ូតូកង់បី កាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅតាមកំណាត់ផ្លូវជាតិលេខ១ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រភពព័ត៍មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុរថយន្ដដឹកស្រាបៀរអាន់ឆ័រ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខបន្ទាយមានជ័យ 3A-0722 បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១ ក្នុងទិសដៅមកពីអ្នកលឿងលុះដល់មុខផ្សារគគីរ បានចង្កូតមកខាងឆ្វេងដៃហើយរថយន្តបានជ្រុលបុករះម៉ូតូ៧គ្រឿង រួចហើយជ្រុល ទៅបុកម៉ូតូកង់បី ២គ្រឿង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ៥នាក់ និងជ្រុលទៅបុកធុងទឹកកកថែមទៀត ។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ និងបានឃាត់ខ្លួនបុរសជាអ្នកបើកបររថយន្តបង្កហេតុ ឈ្មោះ វ៉ា សេងហួត ភេទប្រុស អាយុ ៣៤ឆ្នាំ មានស្រុកកំណើត នៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តកំពង់ចាម ។
ក្រោយឃាត់ខ្លួនជនបង្កសមត្ថកិច្ចបាននាំទៅសាកសួរនៅអធិការដ្ឋាន ព្រមទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ដើម្បីធ្វើការដោះស្រាយ។ ចំណែកជនរងគ្រោះត្រូវបានសង្គ្រោះនោះគ្លីនិកឯកជន និងមន្ទីរពេទ្យ៕