ខេត្តបាត់ដំបង ៖ ជនសង្ស័យប្រុសម្នាក់ និងស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកំរៀងធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់ ជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន បញ្ជូនទៅស្នងការរដ្ឋាននាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ចាត់ការតាមផ្លូវច្បាប់ ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ស៊ូ ថន ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិត្រាង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។ ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ឆែកឆេររកឃើញថ្នាំញៀនចំនួន៣គ្រាប់ ។ ចំណែកម្នាក់ទៀតមានឈ្មោះ ជុំ សុខនី ភេទស្រី អាយុ៤៨ឆ្នាំ មានស្រុកកំណើត នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ទើបមកស្នាក់បណ្តោះអាសន្នក្នុងភូមិដូង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវចាប់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ នៅចំណុចភូមិដូង ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង រកឃើញថ្នាំញៀនចំនួន៥៥គ្រាប់។
ក្រោយឃាត់ខ្លួនជនទាំង២នាក់នេះ សមត្ថកិច្ចបានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕