ខេត្តតាកែវ ៖ សេចក្តីរាយការណ៍ពីន្ត្រីសមត្ថកិច្ចប៉លីសក្រុងដូនកែវ បានថ្លែងឲ្យដឹងថា កាលពីល្ងាចថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០១៤ កម្លាំង នគរបាលក្រុងដូនកែវ បានធ្វើការចាប់ខ្លួនកូនប្រុសលោកផ្កាយមួយ ស្វាយ ញ៉ន ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តស្ទឹងត្រែងឈ្មោះ ស្វាយ ឧត្តម ហៅ ប៉ង់ ព្រមទាំងបក្សពួកគ្នាគេ ចំនួន៤នាក់ផ្សេងទៀត។ ទី១ឈ្មោះ ផាន់ អារុណ អាយុ ២៨ឆ្នាំ មានមុខរបរ មិនពិតប្រាកដ, ទី២ ឈ្មោះ សោម ហាន អាយុ ៣២ឆ្នាំ មុខរបរជាជាងជួសជុលរថយន្ត, ទី៣ ឈ្មោះ ផូ សុវណ្ណ ហៅ ស៊ុយ មុខរបរជា មន្ត្រីការរិយាល័យ នៃមន្ទីរព័ត៌មាន និងទី៤ឈ្មោះ រិទ្ធ អារុណ្ណាទី អាយុ៣៩ឆ្នាំ អ្នកទាំង៥នាក់នេះមានទីលំនៅ ក្នុងក្រុងដូនកែវខេត្តតាកែវ បញ្ជូនទៅតុលាការ ដោយចោទ ប្រកាន់ ពីបទប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
សមត្ថកិច្ចមូលដ្ឋានបានបន្តថា ការចាប់ខ្លួនពួកគេ ខណៈដែលពួកគេកំពុងតែប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅផ្ទះរបស់ រិទ្ធ អារុណ្ណាទី ដែលស្ថិតនៅភូមិចក សង្កាត់រកាក្នុង ដោយក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុតាងមួយចំនួនរួមមានថ្នាំញៀនចំនួន ៩កញ្ចប់តូច ម៉ូតូមួយគ្រឿង ដែកកេះចំនួន៨ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ហើយបន្ទាប់ពីធ្វើការឃាត់ខ្លួនភា្លមសមត្ថកិច្ចបានបញ្ចូន ជនទាំង៥នាក់នោះ មកកាន់ការិយាល័យប្រឆាំងការជួញដូគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្ត និងបញ្ចូន ទៅតុលាការដើម្បី ចាត់ការទៅតាមនីតិវិធី។
មន្ត្រីប៉ូលីសនោះគូសបញ្ជាក់ទៀតថា ឈ្មោះ ស្វាយ ឧត្តម ហៅ ប៉ង់ កូនប្រុស លោកផ្កាយ១ ស្វាយ ញ៉ន ជាមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង ខេត្តស្ទឹងត្រែងនិងបក្សពួកទាំងនេះ គឺជាមុខសញ្ញាចាស់ក្នុងការប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅក្នុងក្រុងដូនកែវនេះជាយូរយារមកហើយដែលសមត្ថកិច្ចបានកំណត់មុខសញ្ញារង់ចាំបទល្មើសជាក់ស្តែងគឺក្របួចតែម្តង។
ដោយឡែកប្រភពព័ត៌មានក្រៅផ្លូវការផ្សេងទៀត ក៏បានបង្ហើបឲ្យដឹងដែរថា ក្រុមគ្រួសារលោកឧត្តមសេនីយ៍ ស្វាយ ញ៉ាន កំពុងតែរត់ការខ្វែងដៃខ្វែងជើង សុំអន្តរាគមន៍ឲ្យមានការលើកលែងចោទប្រកាន់ និងដោះលែងកូនប្រុសរបស់ខ្លួនឲ្យរួចផុតពីការជាប់ឃុំក្នុងពន្ធនាគារ ៕