រាជធានីភ្នំពេញ ៖ នារីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតបានរងរបួសធ្ងន់ ខណៈដែលជិះម៉ូតូធ្លាក់ជង្ហុក ហើយត្រូវរថយន្តបាញ់បេតុងកិនពីក្រោយកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ នៅមុខខារ៉ាអូខេ យីហោរាត្រីសេកុងII ស្ថិតតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CJ-5630 ជិះឌុបគ្នា ធ្វើដំណើរតាមបណ្តោយ ផ្លូវ២០០៤ ទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុច កើតហេតុខាងលើដោយផ្លូវមានជង្ហុកតូចធំច្រើន ទើបជិះធ្លាក់ជង្ហុកបណ្តាលឲ្យដួល ហើយត្រូវរថយន្តចាក់បេតុងធុនធំមួយគ្រឿងពណ៌ទឹកក្រូចលាយពាក់ស្លាកលេខព្រះសីហនុ 5A-0030 បើកបរក្នុងទិសដៅស្របគ្នា បានបើកមកពីក្រោយ កិននារីម្នាក់ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ភ្លាមៗរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន ឆ្ងាយបន្តិច ត្រូវសមត្ថកិច្ចចាប់ឃាត់បានទាំងរថយន្ត និងអ្នកបើកបរ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើការអន្តរាគមន៍ ដល់កន្លែងកើតហេតុ យកម៉ូតូជនរងគ្រោះ និងរថយន្តបង្ក ទៅរក្សានៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ។ ចំណែកសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕