រាជធានីភ្នំពេញ ៖ កូនស្រីថៅកែផ្សារទំនើប១កន្លែងនៅតាមមាត់ស្ទឹង ក្នុងខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជួទៅកាន់សាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ ដោយជាប់ពាក់ព័ន្ធលើបណ្តឹងរំលោភលើទំនុកចិត្តប្រាក់គេ២៥០០០ដុល្លារអាមេរិក ។
កូនថៅកែផ្សារទំនើបរូបនោះឈ្មោះ ហែម ប៊ុនហេងសុធារ័ត្ន ភេទស្រី អាយុ៣៣ឆ្នាំ មានប្តីជាជនជាតិថៃ ស្នាក់នៅផ្ទះជួលក្នុងបុរីពិភពថ្មី ផ្លូវលេខ៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ទាក់ទិននឹងការឃាត់ខ្លួនស្ត្រីខាងលើនេះកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃឲ្យដឹងថា សមត្ថកិច្ចបានអនុវត្តតាមដីការបញ្ជាឲ្យចូលខ្លួនរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រីឈ្មោះ ហែម ប៊ុនហេងសុធារ័ត្ន យោងទៅលើពាក្យបណ្តឹងមួយបានចោទប្រកាន់អ្នកស្រីថា កាលពីអំឡុងខែតុលា២០១៣ មានពាណិជ្ជករម្នាក់នៅរាជធានីភ្នំពេញ បានទាក់ទងអ្នកស្រី ប៊ុនហេងសុធារ័ត្ន កុម្ម៉ង់ទិញជណ្តើរយន្ត២គ្រឿង ម៉ាកមីហ្សុយមីស៊ី ដែលមានទឹកប្រាក់តម្លៃ៥០០០០ដុល្លារដើម្បីយកទៅបំពាក់នៅផ្សារទំនើប១កន្លែងក្នុងក្រុងភ្នំពេញនេះ ។
ពេលនោះអ្នកស្រីក៏បានយល់ព្រមនឹងទទួលប្រាក់កក់មុនពីពាណិជ្ជករនោះចំនួន២៥០០០ដុល្លារអាមេរិក ហើយបានធ្វើកិច្ចសន្យាជាមួយភាគីអ្នកកុម្ម៉ង់ នៅពេលណាសម្ភារៈជណ្តើរយន្តមកដល់ទើបបានទទួលនឹងប្រគល់ប្រាក់គ្រប់ចំនួន ។ នៅពេលអ្នកស្រីបានប្រាក់កក់២៥០០០ដុល្លារអាមេរិកមាននៃថា ពាក់កណ្តាលហើយអ្នកស្រី ប៊ុនហេង សុធារ័ត្ន មិនគោរពតាមកិច្ចសន្យានោះទេ ថែមទាំងគេចវេសរាល់ការទំនាក់ទំនងអស់រយៈពេលច្រើនខែបានជាដើមបណ្តឹងគេមិនសុខចិត្តប្តឹងទៅសមត្តកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់ នឹងទាមទារយកប្រាកកក់របស់គេវិញ ។
ប្រភពព័ត៌មានពីសាច់ញាតិអ្នកស្រី ហែម ប៊ុនហេងសុធារ័ត្ន នៅសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា អ្នកស្រីទទួលស្គាល់ថាបានយកប្រាក់ពីដើមបណ្តឹងនោះមែន ហើយប្រាក់នោះអ្នកស្រីបានយកទៅកុម្ម៉ង់ទិញជណ្តើរយន្តតាមកិច្ចសន្យាអស់ហើយ តែសម្ភារៈនោះមិនទាន់មកដល់ ។
សំណុំរឿងខាងលើតំណាងអយ្យការកំពុងធ្វើកា រសាកសួ នឹងកំពុងតម្រូវឲ្យកូនស្រីថៅកែផ្សារទំនើប១កន្លែងនៅមាត់ ស្ទឹងខេត្តសៀមរាប រកប្រាក់ដាក់តំកល់ខ្លួនដើម្បីបាននៅក្រៅឃុំដោះស្រាយជាមួយដើមបណ្តឹង ។ ប៉ុន្តែកន្លងមកបើទោះជាអាណាព្យាបាលរបស់ខ្លួនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តុម្ភក៏ពិតមែនតែលែងទទួលខុសត្រូវរាល់បំណុល ទើបមានសមត្ថកិច្ចសុទ្ធតែផ្កាយធំៗ ដូចជាយោធាផ្កាយ៣មួយរូបកាលពីថ្ងៃទី៥ ខែឧសភា ជួយអន្តរាគមន៍រួមទាំងសេវាក្រៅផ្លូវច្បាប់និងដាក់ប្លង់តម្កល់ ផងនោះក៏តុលាការសម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ៕