រាជធានីភ្នំពេញ ៖ ករណីអំពើហិង្សាមួយបានផ្អើលប្រជាពលរដ្ឋទាំងថ្ងៃត្រង់ ខណៈដែលជួបជុំគ្នាពេលបាយថ្ងៃត្រង់ ហើយមានជម្លោះពាក្យសម្តីបណ្តាលឲ្យមានកំហឹងឡើង បោកចាន បោកឆ្នាំងកាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅចំណុចជិតរង្វង់មូលស្ពានជ្រោយចង្វាត្រើយខាងលិច តាមបណ្ដោយផ្លូវលេខ៧០ ក្នុងភូមិផ្សារតូច សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមគ្រួសាររបស់ជនជាតិវៀតណាមនោះ ប្រហែល៤ទៅ៥នាក់ជួបជុំគ្នា ស្រាប់តែមួយសន្ទុះក្រោយមកស្រាប់តែឭសូរសំឡេងបោកចានលាន់យ៉ាងខ្លាំងបណ្ដាលឲ្យផ្អើលគេផ្អើលឯង ។ មួយសន្ទុះក្រោយមកស្រាប់តែឃើញបុរសពីរបីនាក់រត់ចេញមកក្រៅស្រែកឆោឡោ ។
បើតាមការរៀបរាប់ពីស្ត្រីរងគ្រោះដែលត្រូវជាម្ដាយចុងជាជនជាតិវៀតណាមដូចគ្នានោះបានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤គាត់បានដាក់លុយក្នុងកាបូប នៅលើតុ ហើយដើរទៅចូលបន្ទប់ទឹក ពេលនោះបុរសដែលជាកូនចុងរបស់គាត់បានដេកនៅលើប៉ៅអ៊ីក្បែរនោះពេលដែលគាត់ត្រឡប់មកពីបន្ទប់ទឹកវិញ គាត់បានឆែកកាបូបស្រាប់តែបាត់លុយរបស់គាត់អស់៤០០ដុល្លារ។ ពេលនោះបុរសដែលជាកូនចុងរបស់គាត់ក៏ចេញទៅបាត់ ទើបគាត់មានការសង្ស័យថា បានលួចលុយគាត់ ។ លុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ ស្រាប់តែឃើញបុរសរូបនោះត្រឡប់មកវិញ ហើយពេលអង្គុយហូបបាយគាត់ក៏បានសួរនាំរឿង ធ្វើឲ្យច្រឡោតខឹងហើយក៏បោកចាន បោកឆ្នាំង តែម្តង។
បន្ទាប់ពីហេតុការបានកើតឡើងត្រូវបានបុរសចំណាស់ម្នាក់ដែលជាឪពុកចេញមកសម្របសម្រួលដើម្បីបញ្ចប់រឿងដោយឲ្យកូនប្រុសរបស់គាតជិះម៉ូតូទៅក្រៅបាត់ទៅ៕