ខេត្តកំពង់ឆ្នាំង ៖ អំណាចនៃភ្លើងកំហឹង ដែលគ្មានភាពខន្តី បានជំរុញឲ្យបុរសម្នាក់បានទាញកាំបិតផ្គាក់ទៅកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ ហើយស្លាប់ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះមានឈ្មោះ ឃួន សំណប់ អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។ ចំណែកជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះ វុន វី អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយជនដៃដល់។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនដៃដល់ និងជនរងគ្រោះ បានចូលរួមស៊ីផឹកក្នុងពិធីមង្គលការក្នុងភូមិ បន្ទាប់មកមានការរាំរែកពេលយប់ ខណៈដែលលេងរាំលេងក៏បានប៉ះសម្ដីឈ្លោះប្រកែកគ្នាមួយសន្ទុះហើយក៏បែកគ្នាមកផ្ទះវិញ ។ លុះមកដល់វេលាកើតហេតុខាងលើជនដៃដល់ដើរតាមពីក្រោយជនរងគ្រោះ ហើយក៏ទាញកាំបិតកាប់ពេញទំហឹងចំក្បាលជនរងគ្រោះ បណ្តាលឲ្យផុងលលាដ៍ក្បាល និងបានស្លាប់នៅពាក់កណ្តាលផ្លូវនៅពេលក្រុមគ្រួសារបញ្ជូនជនរងគ្រោះមកកាន់មន្ទីពេទ្យស្រុកកំពង់ត្រឡាច។
ជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដដើម្បីចាត់ការបន្ដតាមច្បាប់ ៕