ខេត្តបាត់ដំបង ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយទាំងព្រឹក ខណៈដែលគេប្រទះឃើញសពទារកមួយត្រូវបានម្តាយយកមកបោះចោលក្នុងស្ទឹងសង្កែកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៤ខែឧសភា ឆ្នាំ២០១៤ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
បើតាមការរៀបរាប់ពីអ្នកដែលបានឃើញហេតុការណ៍នោះ ឲ្យដឹងថា នៅមុនពេលកើតហេតុម្ចាស់ទូកបានចេញទៅកំពង់ដូចសព្វមួយដង ក៏ប្រទះឃើញថង់ខ្មៅមួយ ដែលគេចងមាត់យ៉ាងជិតអណ្តែកទឹកមកទើនឹងទូករបស់ពួកគាត់ ។ ដោយមានការសង្ស័យពួកគាត់ក៏ទាញយកមកស្រាយមើលក៏ស្រាប់តែមានអារម្មណ៍ភ្ញាក់ក្រញ៉ាង ដោយសារតែក្នុងថង់ខ្មៅនោះមានទារកម្នាក់ ដោយមិនទាន់កាត់ផ្ចិតផង ត្រូវគេដាក់រុំកន្សែងពោះគោ យ៉ាងមានរបៀប ។ ដោយឃើញបែបនេះ ពួកគាត់បានរាយការទៅសមត្ថកិច្ច ដើម្បីចុះទៅត្រួតពិនិត្យសពទារក។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជាបឋម គឺទារកនេះទំនងជាត្រូវម្តាយយកមកបណ្តែតទឹកចោលនៅពេលទៀបភ្លឺ ។ ករណីនេះមានជាច្រើនលើក ច្រើនសារួចមកហើយ ដែលទារកជាច្រើនទៀត ត្រូវគេបោះបង់ចោល ដោយខ្លះរស់ និងខ្លះទៀតស្លាប់ ដោយសារតែការប៉ះពាល់ទៅនឹងអាកាសធាតុ ប៉ុន្តែគេពុំបានដឹងថា ទឹកចិត្តស្ត្រីជាម្តាយ ដែលខំបង្កើតកូនមកហើយនោះ មានចរិតបែបណានោះទេ ទើបដាច់ចិត្តយកកូនដែលទើបនឹងឃើញពន្លឺថ្ងៃ៕