ខេត្តកំពង់ឆ្នាំង ៖ ដោយសារលង់ខ្លួនធ្លាក់ក្នុងរណ្តៅតណ្ហា បានធ្វើឲ្យព្រះសង្ឃវ័យក្មេង បានប្រព្រឹត្តអំពើកាមគុណជាមួយក្មេងស្រីអាយុ៨ឆ្នាំ ។ ការចាប់ឃាត់ខ្លួនអន្ទិតជាជនសង្ស័យ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ នៅក្នុងវត្តតាគឹម ក្នុងភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
អន្ទិតជាជនសង្ស័យមានឈ្មោះ ហេង សុភារិន អាយុ ១៨ឆ្នាំ បួសជាសង្ឃនៅវត្តតាគឹម មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។ នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះឈ្មោះ ព.ច.ណ អាយុ៨ឆ្នាំ និងក្មេងស្រីម្នាក់ទៀតដែលត្រូវក្មួយជនសង្ស័យបានទៅបេះផ្លែមៀន នៅក្បែរសាលាឆាន់ ក្នុងវត្តតាគឹមនេះ ដោយសារតែនៅពេលនោះជាវេលាស្ងាត់ពុំមានអ្នកនៅជនសង្ស័យឈ្មោះ ហេង សុភារិន ដែលនៅជាសង្ឃបានហៅក្មេងស្រីរងគ្រោះ ឡើងសាលាឆាន់រួចចូលក្នុងបន្ទប់មួយ ហើយបានប្រើក្មេងស្រីម្នាក់ទៀត ដែលមកជាមួយឲ្យទៅទិញទឹកកក ។ ពេលក្មេងស្រីនោះចេញទៅបាត់លោកសង្ឃទំនើងរូបនោះក៏បានចាប់រំលោភក្មេងស្រីរហូតបានសម្រេច ។
ក្រោយពេលធ្វើសកម្មភាពចាប់រំលោភរួច ជនសង្ស័យបានឲ្យលុយក្មេងស្រីរងគ្រោះដោយប្រាប់ថា កុំឲ្យនិយាយប្រាប់គេឯងឲ្យដឹង។ ពេលទៅដល់ផ្ទះដោយមានសភាពសង្ស័យម្តាយក្មេងស្រីក៏ជជីកសួរ ទើបបែកការណ៍ថា លោកសង្ឃចាប់រំលោភនាង ទើបម្តាយក្មេងស្រីរងគ្រោះទៅដាក់ពាក្យប្តឹង ទៅសមត្ថកិច្ច ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់៕