រាជធានីភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ និងបុរស២នាក់រងរបួសស្រាល ខណៈដែលកំពុងជិះម៉ូតូបុកនឹងរបាំងថ្មមួយកន្លែង កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ស្ត្រីចំណាស់ដែលស្លាប់ឈ្មោះ ពីម យ៉េន អាយុ៦៧ឆ្នាំ មានទីលំនៅភូមិព្រែករកា ឃុំច្រេះ ស្រុកពាម ខេត្តព្រៃវែង ចំណែកបុរស២នាក់របួសស្រាលមិនត្រូវបានស្គាល់អត្តសញ្ញាណ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ 1BF-0732 ក្នុងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុមិនដឹងជាជួបហេតុការណ៍អ្វីស្រាប់តែម៉ូតូជនរងគ្រោះ បានជ្រុលទៅបុករបាំងថ្មយ៉ាងពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូបោកក្បាលផ្ទប់ជាមួយនឹងដុំថ្មនោះស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នករងគ្រោះត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕