ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៏ពីខេត្តកំពង់ចាមបានអោយដឹងថា កាលព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤នេះ កម្លាំងនគរបាលខេត្តកំពង់ចាម បានបង្ក្រាប រថយន្តយីឌុប មួយគ្រឿងដឹកដំឡូងពីលើ បង្កប់ឈើប្រណីតនៅក្រោម នៅចំណុច អូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
មន្ត្រីប៉ូលី នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាមដែលចុះបង្ក្រាប បានឲ្យដឹងថា ដោយអនុវត្ត តាមបទបញ្ជាលោក ឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការ នគរបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤នេះ កម្លាំងនគរបាលបានបង្ក្រាបរថយន្តយីឌុប មួយគ្រឿង ដឹកដំឡូង ពីលើ បង្កប់ឈើ ប្រណីតនៅក្រោម នៅចំណុច អូរធ្នង់ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
សេចក្តីរាយការណ៏បានបញ្ជាក់ឲ្យដឹងទៀតថា រថយន្ដយីឌុប ខាងលើបានដឹកឈើធ្នង់មានម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ គ្មានស្លាកលេខ ផ្ទុកឈើប្រណីត ប្រភេទធ្នង់ជាង២០ម៉ែត្រគូប ដឹកចេញពីខេត្តព្រះវិហារ ក្នុងបំណងនាំចេញទៅកាន់ប្រទេសវៀតណាម ។ ក្នុងពេលប្រតិបត្ដិការ អ្នកបើកបរ រថយន្ដបានរត់គេចខ្លួនបាត់ នៅសល់ព្រូ រថយន្ដដែលត្រូវបានឃាត់ខ្លួនមកធ្វើ កំណត់ហេតុ ដែលមានឈ្មោះ សួង វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិ ប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ ខេត្ដកំពង់ចាម ។ តាមការ សារភាពឱ្យដឹងពីព្រូរថយន្ដ បានប្រាប់ថា ម្ចាស់រថយន្ដនិងម្ចាស់ឈើមានឈ្មោះ ម៉ាប់ រស់នៅភូមិ-ឃុំស្វាយទាប ស្រុកចំការលើ ខេត្ដកំពង់ចាម ហើយឈើទាំងអស់នោះ ក្រោយពីនគរបាល បានរាប់ដឹងចំនួនអស់ សមត្ថកិច្ច និងធ្វើ កំណត់ហេតុប្រគល់ ទៅឲ្យមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ កំពង់ចាម ចាត់ការបន្ត៕