រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយអាវុធហត្ថរាជធានីបានឆ្មក់ចូលទីតាំងហ្គេម មួយកន្លែង នៅចំណុចផ្ទះលេខ១៧អឺ០ ផ្លូវលេខ១៧២កែងផ្លូវលេខ៥១ស្ថិតក្នុងភូមិ១០ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដែលបង្កប់ចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងឃាត់ខ្លួនមនុស្ស១១នាក់ កាលពីវេលាម៉ោង១២និង០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចដកហូតថ្នាំញៀនប្រភេទម្សៅ ពណ៌សក្រាម ចំនួន៦កញ្ចប់ សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ និងដកហូតទូហ្គេមប្រភេទល្បែងស៊ីសង១៥ទូ បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីធ្វើ ការសាកសួរបន្ត៕