ខេត្តកណ្ដាល ៖ បុរសម្នាក់បានស្លាប់ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ខណៈដែលត្រូវជនសង្ស័យ យកកាំបិតចុងស្រួចចាក់បំពង់.ក ក្នុងជម្លោះរឿងលុយចំនួន១០ដុល្លារមិនបាន។ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០១៤ នៅខាងមុខរោងចក្រអឹមពែរ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ជនរងគ្រោះមានឈ្មោះធី សំអាត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះលី គឹមស្រុន ហៅអាជ្រូក អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយជីតា និងបងស្រីនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៌មានតាមសាក្សីដែលបានឃើញហេតុការណ៍ឲ្យដឹងថា នៅមុនពេលកើតហេតុឃើញជនសង្ស័យ និងជនរងគ្រោះអង្គុយលេងនៅលើគ្រែលក់ដូរនៅខាងមុខរោងចក្រMP មានគ្នា៣ទៅ៤នាក់ ខណៈនោះឈ្មោះលី គឹមស្រុន ហៅអាជ្រូក បាននិយាយសម្លុតខ្ចីលុយចំនួន១០ដុល្លារពីជនរងគ្រោះ ហើយជនរងគ្រោះឈ្មោះ សំ អាត ក៏បាននិយាយតបវិញថា ខ្ញុំគ្មានលុយឲ្យទេ ពីព្រោះបងជ្រូកឯងខ្ចីលុយមិនដែលសង វិញនោះទេ។ ពេលនោះជនសង្ស័យក៏បានដើរទៅផ្ទះបាត់មួយសន្ទុះត្រឡប់មកវិញ ស្រាប់តែដកកាំបិតចុង ស្រួចតូចចាក់ចំបំពង់.កមួយកាំបិតលិចយ៉ាងជ្រៅហូរឈាមស្រោចពេញ ខ្លួន ក៏មានការផ្អើលឆោឡោ ទៅដល់អ្នកជិតខាងប្រាប់ក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។ ដោយស្ថានភាពរបួសធ្ងន់ធ្ងរពេកបានមួយថ្ងៃក៏បានស្លាប់នៅមន្ទីរពេទ្យ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។ រីឯសពជនរងគ្រោះត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕