បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច ធ្វើការ​ឃាត់​ពីបទ​ប្រទូស្ត​កេរ​ភេទ​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករសំណង់​ម្នាក់​ត្រូវបាន​នារី​ជា​កម្មករសំណង់​ដូចគ្នា​បាន​ប្ដឹង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដូន ពេញ​ដោយ​ចោទប្រកាន់ថា បាន​ចាប់ សម្រាត​ខោ​របស់គាត់​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៤ នៅ​ចំណុច​ដីឡូត៍​លេខ​១៦ ផ្លូវ​លេខ​២១៩ ភូមិ​៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​

 

​តាម​ប្រភព ព័ត៌មាន​មន្ដ្រីនគរបាល​ខណ្ឌ​ដូ​ពេញ​ឱ្យដឹងថា នារី​រងគ្រោះ​មាន ឈ្មោះ​ឡុង ស្រី​នី អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ដីឡូត៍​កើតហេតុ​ខាងលើ ចំណែក​ជនសង្ស័យ​ឈ្មោះ ស៊ីន ប៊ុន​ថា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​កម្មករ សំណង់​ដូចគ្នា ស្នាក់នៅ​ផ្ទះជួល​លេខ​២៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

 

​បើតាម ការរៀបរាប់​ពី​នារី​រងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ជនសង្ស័យ​ឱ្យ​ឡើង​ទៅលើ​អគារ​ជាន់​ទី​៥ ដើម្បី​យក​ស៊ីម​កាត​ទូរស័ព្ទ​របស់ខ្លួន​វិញ ពេល​ជនសង្ស័យ​ឡើងទៅ​ដល់​លើ ហើយ​នោះ​នារី​រងគ្រោះ​បានប្រគល់​ស៊ីម​ទូរស័ព្ទដៃ​ឱ្យទៅ នាង​វិញ​រួច​ជនសង្ស័យ​ក៏​ចាប់ទាញ​ដៃ នារី​រងគ្រោះ​ហើយ​ទាញ​សម្រាត​ខោ​តែម្ដង ភ្លាមនោះ​នារី​រងគ្រោះ​បាន​រើ​បម្រាស់​និង​រត់​ចុះមក​ខាងក្រោម​រួច ទូរស័ព្ទ​ទៅប្រាប់​អ៊ុំ​ប្រុស​របស់ខ្លួន​ឈ្មោះ សុខ វ៉ាន់ អាយុ​៦២​ឆ្នាំ ស្នាក់នៅ​ភូមិ​អូរ​ម៉ា​ល់ ឃុំ​-​ស្រុក​បាធាយ ខេត្ដ​កំពង់ចាម ប្រាប់​ពី​ដំណើររឿង​ឱ្យ​គាត់​ដឹង ចំណែកឯ​អ៊ុំ​ប្រុស​របស់​នារី​រងគ្រោះ បន្ទាប់ពី​បានដឹង​ដំណឹង​ថា មាន​ករណីបែបនេះ​កើតឡើង​គាត់​ក៏បាន​ជិះ​រថយន្ដឈ្នួល​មកជួប​នារី​រងគ្រោះ និង​សួរនាំ រួច​ចាប់ខ្លួន​ជនសង្ស័យ​ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ដូនពេញ​តែម្ដង និង​បានដាក់​ពាក្យបណ្ដឹង​ផងដែរ ។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

30-4-2014

 

Leave a Reply

(*) Required, Your email will not be published