រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្ស១២ បានរងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តដឹកដីបើកទៅបុកជាមួយនឹងរ៉ឺម៉កកង់បីកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្លូវទន្លេសាប ស្ថិតក្នុងក្រុមទី១១ ភូមិទី១ សង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរ៉ឺម៉កកង់បី ពណ៌ក្រហម ពាក់ស្លាកលេខ ស្វាយរៀង 1D-0272 បានជិះគ្នាជាច្រើន បើកបរក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់កន្លែងហេតុត្រូវរថយន្តដឹកដីម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-1407 បើកបរក្នុងទិសដៅបញ្ច្រាសគ្នា បុកពេញមួយទំហឹងបណ្តាលឲ្យជនរងគ្រោះជិះក្នុងរ៉ឺម៉កនោះបានទទួលរងរបួសធ្ងន់ ស្រាល។ ក្រោយកើតហេតុជនបង្កបានទុករថយន្តចោលនៅកន្លែងកើតហេតុ ហើយគេចខ្លួនបាត់ស្រមមោល។
ជនរងគ្រោះទាំងអស់ត្រូវបានរថយន្តសង្គ្រោះ ដឹកទៅមន្ទីរពេទ្យធ្វើការសង្គ្រោះ ។ ចំណែករ៉ឺម៉ក និងរថយន្តបង្កត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំការដោះស្រាយជាក្រោយ៕