ខេត្តតាកែវ ៖ សង្ឃមួយអង្គដែលគង់នៅវត្តសីហរតនារាម នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានមន្ទីរធម្មការ និងសាសនាខេត្តចាប់ផ្សឹក ហើយប្រគល់ឲ្យនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កសាងសណុំរឿងបញ្ជូនទៅសាលាដំបូងនៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៤ ដោយជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀន កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៤។
តាមរបាយការណ៍របស់សមត្ថិកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការខេត្តតាកែវបានឲ្យដឹងថា ជនជាប់សង្ស័យមានឈ្មោះ ជា ប៉ាវ អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិចង្កោន ឃុំព្រែកត្នោត ស្រុកកំពត ខេត្តកំពត ។ មុនពេលឃាត់ខ្លួនជាសង្ឃគង់នៅវត្តសីហរតនារាម ស្ថិតនៅភូមិ-សង្កាត់ខាងលើ ។ ថ្នាំញៀនដែលរកឃើញនៅក្នុងខ្លួនសង្ឃខាងលើនេះមានថ្នាំញៀនប្រភេទ ម៉ាទឹកកក ចំនួន ១៤ថង់ប្លាស្ទិក ទម្ងន់ ១៤២,៦ក្រាម ។
ក្នុងករណីខាងលើនេះ ជនសង្ស័យមិនឆ្លើយសាភាពទេដោយបដិសេធថា ថ្នាំញៀនទាំងអស់ គឺជនមិនស្គាល់មុខ បានយកមកទុកឲ្យ ហើយបានខ្ចីលុយពីរូបគេចំនួន៤០០ដុល្លារ រួចគេចខ្លួនបាត់ ។ ទោះបីយ៉ាងណាក៏ដោយផ្អែកតាម ការស្រាវជ្រាវ និងវត្ថុតាង ដែលមានស្រាប់ទុកឲ្យតុលាការជាអ្នកសម្រេច ៕