​លោក​ ​ឆាយ​ ​គឹម​​សុ​ន​ ​បិ​ទ​​ភ្នែកឲ្យ​​លោ​​ក​ ផេ​​​ន ​ធី​ ​​ ប្រើ​ស្បែក​ជា​​មេ​បញ្ជាកា​​រ​​នគ​រ​បា​ល​​​កា​រ​ពារ​​​ព្រំដែ​ន ប្រមូល​​លុយ​ពី​​​ជំនួ​ញ​​​ឈើ​​​ខុស​ច្បាប់​​ និង​​ទំ​និញគេច​ពន្ធ​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ​ក្នុងតួនាទី​ជា​មេបញ្ជាការ​នគរបាល​វរៈ​សេនា​តូច ការពារ​ព្រំដែន​លេខ​៦១៥ លោក​ស័ក្តិ​៤​កន្លះ ផេ​ន ធី មានឱកាស​ចាត់តាំង​មន្ត្រីក្រោមឱវាទ ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ឈើ​ខុសច្បាប់​ឆ្លងកាត់​ព្រំដែន​ស្រុក​ពញាក្រែក​និង​ស្រុក​មេមត់​ខេត្តកំពង់ចាម ជាពិសេស​ទីបញ្ជាការ ធំ​របស់លោក ផេ​ន ធី នៅ​ឃុំ​ត្រពាំង​ផ្លុ​ង គឺជា​កន្លែង​ប្រមូលផ្តុំ​ក្រុម​ឈ្មួញ​ឲ្យ​ចូលទៅ​បង់លុយ​និង​សុំ​ការយោគយល់​ពី​លោក ផេ​ន ធី កុំ​ឲ្យ​មានការ​រំខាន​ដល់​អាជីព​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ការនាំចេញ​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​វៀតណាម​។​


 
​មន្ត្រី​តូចតាច​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ផេ​ន ធី គឺជា​ផ្កា​រីក​គ្រប់​រដូវ គាត់​ត្រូវប៉ាន់​ជាប់​រហូត​ទោះបីជា​មានការ​ផ្លាស់ប្តូរ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម ប៉ុន្មាន​ជំនាន់​មកហើយ​ក៏ដោយ ក៏​លោក ផេ​ន ធី នៅតែមាន​ឱកាស​តោង​តំណែង​ជា​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​៦១៥ តាមរយៈ​ការប្រមូល​ផលប្រយោជន៍​ពី​អំពើពុករលួយ​យកទៅ​អភិវឌ្ឍន៍​មុខតំណែង​។ មន្ត្រី​តូចតាច​មួយចំនួនទៀត​បានបញ្ជាក់​ឲ្យ​ដឹងថា សិទ្ធិអំណាច​របស់លោក ផេ​ន ធី ធំ​ណា​ស់គឺ​គាត់​អាចធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ក្នុង​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ឬ​នាំចេញ​ឈើ​ខុសច្បាប់​ទៅ​វៀតណាម​ទាំង​តាម​ច្រក​អន្តរជាតិ ក៏ដូចជា​ច្រករបៀង​នានា​ក្នុង ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ហើយ​ផលប្រយោជន៍​ដែល​ប្រមូលបាន​កំពុង​ធ្វើ​ឲ្យ​លោក ផេ​ន ធី ក្លាយជា​មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ហូរហៀរ ។​

 

លោក ផេ​ន ធី ក៏បាន​ប្រើ​សិទ្ធិអំណាច​ចាត់តាំង​ជន​ស៊ីវិល​មួយចំនួន ឲ្យ​ចុះទៅ​ឈរជើង​នៅតាម​ចំណុច​ច្រករបៀង​ព្រំដែន​ចាំ​ប្រមូល​លុយ ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹក ជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​មកពី​វៀតណាម ជាពិសេស​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ រកស៊ី​នាំចេញ​ឈើ​ខុសច្បាប់​និង​សត្វព្រៃ​ទៅ​វៀតណាម​យ៉ាង​អនាធិបតេយ្យ​បំផុត គឺ​គ្រប់​កាលៈទេសៈ​ទាំងអស់​លោក ផេ​ន ធី មិនដែល​ខ្វល់ខ្វាយ​ពី​ការអនុវត្ត​បទបញ្ជារ​បស់​ថ្នាក់លើ​ម្តងណា​ឡើយ ធ្វើ​យ៉ាង ណា​ឲ្យ​តែ​គាត់​អាច​ប្រមូលប្រាក់​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​ទុក​សម្រាប់​អភិវឌ្ឍន៍​មុខតំណែង​។ មន្ត្រីនគរបាល​តូចតាច​ក្នុង​វរៈ​ការពារ​ព្រំដែន លេខ​៦១៥ មួយ ចំនួន​បាន​សម្តែង​ការមិនសប្បាយចិត្ត​ចំពោះ​លោក ផេ​ន ធី ដែល​បក្ខពួកនិយម និង​ដេញថ្លៃ​ប៉ុស្តិ៍​ព្រំដែន​មួយចំនួន​ឲ្យ​ជន​ស៊ីវិល​ចុះទៅ​ឈរជើង​ចាំ​ប្រមូល​លុយ​ពី​ការដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ការចេញ​ឈើ​ខុសច្បាប់ ហើយ​រូបភាព​ដែល​គេ​ដាក់​មន្ត្រីនគរបាល​ម្នាក់​ឬ​២​នាក់​ឲ្យ​ឈរ​អម​ជាមួយ​ជន​ស៊ីវិល តាម​ចំណុច​ព្រំដែន​មួយចំនួន ធ្វើឡើង​គ្រាន់តែ​ល្អមើល​ប៉ុណ្ណោះ ។​

 

បើ​និយាយ​ពី​ក្រុម​ឈ្មួញ​ធំៗ​ដែល​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ដោយ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ខ្នាត​យក្ស​ទាំង​ខ្សែៗ​វិញ បើទោះបី​ជាមាន​ការបង់​ពន្ធ ឬ​គ្មាន​ការបង់ពន្ធ​ក៏​ក្រុម​ឈ្មួញ​មិនដែល​ភ្លេច ឬ​ហ៊ាន​រំលង​លោក ផេ​ន ធី ម្តងណា​ឡើយ​។ ដូច​ពាក្យចាស់​បុរាណ​ធ្លាប់បាន​លើកឡើងថា ទាល់តែ​អារ​សាច់​ជូន​ខ្លា​ទើប​នៅ​ស្រុក​បាន ហើយ​ទាល់តែ​ហ៊ាន​ចំណាយលុយ​បង់​ឲ្យ​លោក ផេ​ន ធី ដែលមាន​សមត្ថ​កិច្ចកា​រពារ​ព្រំដែន​នៅ​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ទើប​អាច​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​មកពី​វៀតណាម​ចូល​ប្រទេស​កម្ពុជា ដោយ​គ្មាន​ការរំខាន​។ ជាទូទៅ​ទំនិញ​ដែល​នាំចូល​តាម​ច្រក​ព្រំ ដែន ក្នុង​ខេត្តកំពង់ចាម ត្រូវ​មន្ត្រី​តូចតាច​មួយចំនួន​បាន​រាយការណ៍​ថា បាន​បង់ពន្ធ​នាំចូល​មិន​ដល់​២០​ភាគរយ​ផង​ទេ ដូចជា​រថយន្ត​ដឹកទំនិញ​យី​ឌុប​ខ្នាត​យក្ស​ក្នុង​មួយគ្រឿង ដែល​ត្រូវ​បង់ពន្ធ​យ៉ាង​ទាប​បំផុត​៥០​លាន​រៀល គឺ​គេ​បង់ពន្ធ​ប្រមាណ​៥​ទៅ​៧​លាន​រៀល​ប៉ុណ្ណោះ នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ច្រើនសន្ធឹក​សន្ធាប់​ក្នុង​មួយខែៗ​។​

 

ដោយឡែក​សកម្មភាព​នាំចេញ​ឈើ​ប្រណីត​និង​ឈើ​គ្រញូង​ខុសច្បាប់​តាម​ច្រករបៀង​នានា ក្នុងស្រុក​ពញាក្រែក​និង​ស្រុក​មេមត់​វិញ ជាពិសេស​នៅ​ចំណុច​ច្រក​ច័ន្ទ​មូល បើទោះបីជា​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​បាន​បង់លុយ​ឲ្យ​បា​រ៉ា​ស់គយ​មេមត់ ដែលមាន​លោក សំ វណ្ណា​រិ​ទ្ធ ជា​អ្នក​ចាំ​ប្រមូល​លុយ ក៏ដូចជា​ការបង់​ឲ្យ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សព្វគ្រប់​អស់ហើយ​ក៏ដោយ ក៏​ក្រុម​ឈ្មួញ​មិនដែល​ភ្លេច​វេច​ខ្ចប់​លុយ​យកទៅ​បង់​ជូន​លោក ផេ​ន ធី ដែល​ប្រចាំការ​នៅ​ប៉ុស្តិ៍​ធំ​នៅ​ឃុំ​ត្រពាំង​ផ្លុ​ង​នោះទេ ដើម្បី​កុំ​ឲ្យ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់​ពួកគេ​ជួប​ឧបសគ្គ​។ ដោយបាន​កាន់តំណែង​ជា​មេបញ្ជាការ​វរៈ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៦១៥ មាន​មូលដ្ឋាន​ឈរជើង​នៅ​ចំណុច​ស្រុក​ពញាក្រែក និង​ស្រុក​មេមត់ ខេត្តកំពង់ចាម ឡើង​ដុះ​ស្លែ​ទៅហើយនោះ​លោក ផេ​ន ធី ក្តោប​ក្តាប់​មុខសញ្ញា​របស់​ក្រុម​ឈ្មួញ​បាន​យ៉ាងច្បាស់​លាស់ គ្មាន​នរណាម្នាក់​អាច​មើលរំលង​ឬ​ភ្លេច​ចូល​បង់លុយ​ឲ្យ​លោក ផេ​ន ធី បានទេ​បើ​មិន​ចង់​ឲ្យ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឬ​ទំនិញ​គេច ពន្ធ  របស់​ពួកគេ ជួប​ការរំខាន​។​
 

តាំងពី​ជំនាន់​លោក នួន សា​មិន ធ្វើជា​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​មកម្ល៉េះ គេ​សង្កេតឃើញ​លោក ផេ​ន ធី ដឹកនាំ​ការងារ​ក្នុង​អង្គភាព​នគរបាល​ការពារ​ព្រំដែន​លេខ ៦១៥ តាមរបៀប​ជិះសេះ​លែងដៃ តាមរយៈ​ការឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ​រកស៊ី​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​អន្តរជាតិ និង​បិទ​ភ្នែក​ឲ្យ​ឈ្មួញ​តូចតាច​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រករបៀង ហើយ​មន្ត្រី​តូចតាច​ក៏បាន​បង្ហើប​ផងដែរ​ថា លោក ផេ​ន ធី បាន​ដេញថ្លៃ​ប៉ុស្តិ៍​ឲ្យ​ជន​ស៊ីវិល​គ្រប់គ្រង​ចំណុច​ព្រំដែន​មួយចំនួន​ក្នុង​មួយកន្លែងៗ​មានតម្លៃ​ចាប់ពី ១៥០០ ដល់​២៥០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែៗ ។ រហូតដល់​ជំនាន់​ដែល​លោក ឆាយ គឹម​សុន ឡើង​ធ្វើជា​ស្នងការ​នគរបាល​ខេត្តកំពង់ចាម ក៏​លោក ផេ​ន ធី នៅតែ​ប្រព្រឹត្ត​អំពើ​ម​ពុករលួយ យក​បទបញ្ជា​របស់​ថ្នាក់លើ​ទៅ​ស្វែងរក​លាភសក្ការៈ ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​យ៉ាង​អនាធិបតេយ្យ​ដដែល​៕

 

 

​លោក ផេ​ន ធី​


 

Leave a Reply

(*) Required, Your email will not be published