ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្រោយពីបានធ្វើសកម្មភាព គាស់ទ្វាររថយន្តរបស់ភ្ញៀវទេសចរ ខណៈដែលមកអង្គុយលេងនៅឆ្នេរអូរឈើទាល កាលម៉ោង១ទាបភ្លឺ ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ស្ថិត ក្នុង ក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ការចាប់ខ្លួនបុរសទាំងបីនាក់នោះកងរាជអាវុធហត្ថបានធ្វើឡើងនៅក្នុងបន្ទប់ផ្ទះសំណាក់ គឹមម៉េង ស្ថិតនៅឆ្នេរអូរឈើទាល កាលពីព្រឹកព្រលឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៤ ។ មន្ដ្រីកងរាជអាវុធហត្ថខេត្ដព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យដែលត្រូវ ឃាត់ខ្លួននេះឈ្មោះ ភិន ណេន ភេទប្រុស អាយុ៣៥ឆ្នាំ, ឈ្មោះ ដា ឌិន ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះ ម៉ម វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ អ្នកទាំង៣ ស្នាក់នៅអូរទី១ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុទាំង៣នាក់ ។
ប្រភព ដដែលបានបន្ដថា ក្រោយពេលចាប់ខ្លួនជនសង្ស័យនៅបន្ទប់ផ្ទះ សំណាក់ខាងលើដកហូតបានលុយដុល្លារអាមេរិក១០.៨០០ ដុល្លារអាមេរិក, កាំភ្លើងខ្លីម៉ាកប្រាហា១ដើម, កាបូបខ្មៅ ធំមួយនិងទូរស័ព្ទម៉ាកសាំងសុង កាឡាក់ ស៊ីណូតមួយគ្រឿងទៀតដែលជាកម្មសិទ្ធិ របស់ជនរងគ្រោះ ។
ប្រភព ដដែលនោះបានបន្ដថា ផ្ទះសំណាក់ គឹមម៉េង កើតមានបទល្មើស និងជនល្មើសទៅលាក់ខ្លួននៅទីនោះជា ញឹកញាប់ណាស់ ប៉ុន្ដែម្ចាស់ផ្ទះសំណាក់ ហាក់បីដូចជាមិនសូវមានការសហការជាមួយសមត្ថកិច្ចប៉ុន្មានទេ មិនដឹង គាត់អាងខ្នងកម្រាស់ប៉ុនណា ?
ទោះជាយ៉ាងនេះក្ដីជនសង្ស័យទាំង៣នាក់ ត្រូវបានកងរាជអាវុធហត្ថខេត្ដបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការតាមច្បាប់ហើយ ៕