ខេត្តតាកែវ ៖ គ្រូថ្នាំខែ្មរព្យាបាលរោគថ្លើមម្នាក់បានស្លាប់ បន្ទាប់ពីស្ថានភាពដ៏តានតឹងដែលអាជ្ញាធររខ្វះវិធានការទប់ស្កាត់ ទើបធ្វើឲ្យក្រុមជនដៃដល់ជាង១០នាក់ បានឡើងទៅវាយសម្លាប់និងអូសទម្លាក់ពីលើផ្ទះ កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិព្រៃជន្លូញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។ ជនរងគ្រោះដែលជាគ្រូថ្នាំខ្មែរឈ្មោះ ពៅ សុវណ្ណ ហៅ ម៉ៅ អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពពីសមត្ថកិច្ចស្រុកបាទីបានឲ្យដឹងថា ប្រជាពលរដ្ឋជាង៤០០នាក់ បាននាំគ្នាមកព័ទ្ធផ្ទះជនរងគ្រោះ និងបានឡើងកកូកកាយយកអាសនៈរបស់គ្រូខ្មែរខាងលើ មកដុតចោលខាងក្រោយផ្ទះ ដោយចោទថា គ្រូថ្នាំខែ្មរនេះចេះអំពើអាបធ្មប់ ។ ប្រជាពលរដ្ឋនៅបន្តព័ទ្ធផ្ទះជនរងគ្រោះរហូតដល់ម៉ោង៧យប់ ដោយក្រុមជនសង្ស័យទាំង១០នាក់បានទិញស្រាសមកអង្គុយផឹកនៅមុខផ្ទះជនរងគ្រោះ ។ ក្រោយពេលជនសង្ស័យស្រវឹងហើយបានឡើងទៅវាយជនរងគ្រោះនៅលើផ្ទះ ដោយមានដំបងដុំថ្មបណ្តាលឲ្យរងរបួសធ្ងន់ រួចជនសង្ស័យក៏ចុះមកអង្គុយផឹកស្រាសបន្ថែមទៀត ។ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចបានត្រឹមតែអង្គុយមើលសកម្មភាពរបស់ ក្រុមជនសង្ស័យទាំងនោះប៉ុណ្ណោះ ។
ក្រោយ ពេលផឹកស្រាហើយក្រុមជនសង្ស័យបានឡើងធ្វើសកម្មភាពវាយជនរងគ្រោះ បន្តទៀតបណ្តាលឲ្យស្លាប់ភ្លាមៗ និងបានអូសសពជនរងគ្រោះទម្លាក់ពីលើផ្ទះ រួចបន្តវាយបន្ថែមទៀត ទោះបីជនរងគ្រោះស្លាប់ទៅហើយក្តី ដែលអ្នកឃើញហេតុការណ៍ខាងលើថាជាអំពើសាហាវឃោរឃៅបំផុតសម្រាប់ មនុស្សមួយក្តាប់តូច ។
តាមសម្តីប្រពន្ធជនរងគ្រោះឈ្មោះ ចេវ ចិន្តា បានឲ្យដឹងថា គាត់បានរៀបការជាមួយប្តីអស់រយៈពេល១១ឆ្នាំ មិនមានកូននោះទេ ដោយប្តីគាត់ចេះផ្សំថ្នាំខ្មែរព្យាបាលរោគថ្លើម ហើយប្តីរបស់គាត់តែងតែដើរព្យាបាលប្រជាពលរដ្ឋក្រីក្រ និងមានជំងឺខាងលើ ពុំបានចេះអំពើអាបធ្មប់ដូចប្រជាពលរដ្ឋមួយចំនួនអះអាងនោះទេ ។
នៅមុនពេលកើតហេតុគាត់បានឲ្យប្តីរត់គេចខ្លួនដែរ តែប្តីគាត់ប្រាប់ថា បើអត់ខុសអីផង រត់ធ្វើអី ? មូលហេតុដែលប្រជាពលរដ្ឋមួយចំនួនចោទថា ប្តីគាត់ជាគ្រូអាបធ្មប់ ដោយសារប្រជាពលរដ្ឋបានទៅរកគ្រូខាងក្រៅមើលថា ប្តីរបស់គាត់ជាអ្នកចេះអំពើអាបធ្មប់ និងធ្វើឲ្យអ្នកភូមិស្លាប់ ។ ដោយសារការច្រណែននឹងគ្រួសារគាត់ដែលមានផ្ទះដែលទើបសាងសង់ថ្មី អាចជាមូលហេតុនៃអំពើខាងលើ ប៉ុន្តែផ្ទះរបស់គាត់ គឺបានខ្ចីលុយពីធនាគារមកសាងសង់ទេ ។
រហូតដល់ពេលនេះគាត់កំពុងគេចខ្លួន ព្រោះខ្លាចប្រជាពលរដ្ឋទាំងនោះមកតាមសម្លាប់គាត់ទៀត ។ គាត់ក៏បានសំណូមពរឲ្យស្ថាប័នមានសមត្ថកិច្ច មេត្តាជួយរកយុត្តិធម៌ជូនប្តីរបស់គាត់ផង ព្រោះទង្វើដ៏ព្រៃផ្សៃនេះពុំមែនកើតចេញពីប្រជាពលរដ្ឋជាង ៤០០នាក់នោះទេ គឺកើតចេញពីគំនុំបុគ្គលមួយក្តាប់តូចប៉ុណ្ណោះ ៕