ខេត្តកំពង់ឆ្នាំង ៖ ក្មេងទំនើងម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន ក្រោយពីរូបគេបានធ្វើសកម្មភាពវាយសមត្ថកិច្ចពេញចុះបំពេញភារកិច្ច។ ករណីនេះបានកើតឡើងពេលកម្លាំងសមត្ថកិច្ចដែលក្រុងកំពង់ឆ្នាំងបានចុះចាប់ជន សង្ស័យម្នាក់ឈ្មោះ សុខ ភារិន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើ តាមដីកាបង្គាប់របស់តុលាការខេត្តកំពង់ឆ្នាំង ពីបទហឹង្សាដោយចេតនា ដែលបានប្រព្រឹត្តភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១១ ។
ក្រោយពីចាប់ជនសង្ស័យតាមដីកានេះបានហើយស្រាប់តែឈ្មោះ កន វាសនា អាយុ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ឃើញសមត្ថកិច្ច ចាប់មិត្តភ័ក្តិដូចនេះក៏ដើរចេញទៅមួយសន្ទុះក្រោយមក ក៏ត្រឡប់មកវិញដោយមានកាន់ដែកជ្រុងប្រវែងជិតមួយម៉ែត្រ រត់ដេញវាយកំលាំងប្រជាការពារនិងប៉ូលីស ក្នុងពេលនោះកម្លាំងប៉ូលីសបានហៅ កម្លាំងបន្ថែម ព័ទ្ធចាប់ជនទំនើងនេះតែម្តង យកមកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីចាត់ការបន្តទៅតាមច្បាប់ ៕