រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានម្ចាស់បន្ទប់ជួល និងប្រជាពលរដ្ឋជិតខាងចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណៈជនសង្ស័យកំពុងធ្វើសកម្មភាពឆ្កឹះសោបន្ទប់បម្រុងលួចយកទ្រព្យសម្បត្តិ ។ករណីនេះកើតឡើងកាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្រុមទី១ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ ឈុន សម្ភស្ស ហៅស្វិត ភេទប្រុសអាយុ២១ឆ្នាំមានមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ រីឯជនរងគ្រោះឈ្មោះ សយ ប៉ូច ភេទប្រុសអាយុ៥៦ឆ្នាំរស់នៅកន្លែងកើតហេតុខាងលើ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកូនប្រុសរបស់ជនរងគ្រោះបានឡើងបោកខោអាវនៅជាន់លើ ស្រាប់តែឃើញជនសង្ស័យដើរចូលទៅកាន់ បន្ទប់ជួលនៅខាងក្រោយផ្ទះ រួចធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួល ។ ពេលនោះកូនជនរងគ្រោះក៏បានដើរចុះមកប្រាប់ជនរងគ្រោះហើយជនរងគ្រោះក៏បានឡើងទៅមើលស្រាប់តែឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលនោះទើបសហការជាមួយប្រជាពលរដ្ឋរស់នៅក្បែរនោះឃាត់ខ្លួនជនសង្ស័យ ហើយធ្វើការឆែកឆេរនៅនឹងខ្លួនរបស់ជនសង្ស័យរកឃើញវត្ថុតាងកូនសោ ចំនួន៥៩កូន ទួរណឺវីសដងជ័រ១ ដែកចុងសំប៉ែត១ កូនកន្ត្រៃ១ បន្ទាប់មកក៏បានប្តឹងនគរបាលមូលដ្ឋានឲ្យចុះទៅនាំ ខ្លួនជនសង្ស័យយកមកសាកសួរ។
ក្រោយពីនាំខ្លួន និងសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបែបនេះមែន រួចហើយនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕