រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ ខណៈដែលជននេះបានកំពុងធ្វើសកម្មភាពកាន់ដបសាំងជាច្រើនដបបម្រុងដុតផ្ទះប្រជាពលរដ្ឋ ទាំងយប់ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥៥នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្ទះលេខ២៩១A, ផ្លូវម៉ៅសេទុងក្រុម១០ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ទូច ប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សញៀនថ្នាំមានទីលំនៅផ្ទះលេខ២១Z, ផ្លូវ២៣០, ក្រុម២៤ ភូមិ៩សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងម្នាក់ទៀតមានឈ្មោះ កែ សុចិន អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ចំណែកជនរងគ្រោះដែលជនសង្ស័យគំរាមដុតផ្ទះ ១-ឈ្មោះឡោ សុខហុង ភេទស្រី អាយុ២៥ឆ្នាំ ជាអ្នកលក់កុំព្យូទ័រ ស្នាក់នៅផ្ទះលេខ២៩១A, ផ្លូវម៉ៅសេទុងក្រុម១០ ភូមិ១ សង្កាត់ផ្សារដើមគរ ខណ្ឌទូលគោក ទី២-ឈ្មោះគឹម ពតធីម ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ ២៩៣AE0ផ្លូវ ម៉ៅសេទុង ក្រុម១០ ភូមិ១ សង្កាត់ សង្កាត់ផ្សារដើមគរ ខណ្ឌទូលគោក។ ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើប៉ូលិសដកហូតបានវត្ថុតាងបានពី ជនសង្ស័យមានដបសាំង៣ដប ដាក់ក្នុងដបទឹកបរិសុទ្ធ និងមានរុំក្រណាត់ធ្វើជាបញ្ឆេះយ៉ាងត្រឹមត្រូវដើម្បីដុតផ្ទះគេ ចោល។
មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យឈ្មោះទូច ប្រុស បានទៅរកជួបអតីតប្រពន្ធ (អត់រៀបការ) ដែល បានយកគ្នាជាប្តីប្រពន្ធបាន៣ឆ្នាំកន្លងមក និងមានកូនស្រីម្នាក់អាយុប្រហែលមួយឆ្នាំ។ តែការទៅរកជួបនោះមិនត្រូវបានក្រុមគ្រួសារខាងស្រីបើកទ្វារឲ្យ ចូលឡើយ ដោយសារតែធ្លាប់បានដេញចេញពីផ្ទះនេះ ព្រោះតែការញៀនថ្នាំ និងប្រើហិង្សាជាញឹកញាប់ និងម្យ៉ាងទៀតឈ្មោះហាន់ ងីមដែលត្រូវជាប្រពន្ធនោះក៏បានទៅរស់នៅខេត្តបាត់ហើយដែរ។ ការមិនឲ្យចូលផ្ទះនោះបានធ្វើឲ្យជនសង្ស័យខឹងរហូតប្រើពាក្យថា ពួកគេយប់នេះនឹងមកដុតផ្ទះហ្នឹងចោលជាមិនខាន។ ក្រោយពីទទួលពាក្យគំរាមកំហែងនេះហើយ ក្រុមគ្រួសារជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ូលិសមូលដ្ឋាន ហើយប៉ូលិសក៏បានដាក់កម្លាំងឃ្លាំមើល លុះមកដល់ម៉ោងកើតហេតុជនសង្ស័យបម្រុងមកធ្វើសកម្មភាពមែននោះក៏ត្រូវ ប៉ូលិសស្ទាក់ចាប់បានទាំងមនុស្ស និងវត្ថុតាងតែម្តង ដើម្បីយកមកដាក់ទោសទៅតាមច្បាប់៕