ខេត្តបាត់ដំបង ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបានដឹកដៃកូនប្រុសទៅដកព្រលឹតនៅក្នុងស្រះក្រោយផ្ទះលង់ទឹកស្លាប់ ។ ករណីនេះបានកើតឡើងនៅម៉ោង១រសៀលថ្ងៃទី២៦ ខែមេសាឆ្នាំ២០១៤ នៅក្នុងភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមានឈ្មោះ យួន យ៉េន អាយុ៤៥ឆ្នាំ បានផឹកស្រាស្រវឹងជោកជាំ រួចហើយបានដឹកដៃកូនប្រុសម្នាក់អាយុ៨ឆ្នាំ ដើរទៅក្រោយផ្ទះដើម្បីដកព្រលឹត ។ លុះទៅដល់ស្រះទឹកដែលមានជម្រៅជ្រៅជនរងគ្រោះបានចុះដកព្រលឹតស្រាប់តែលិចបាត់តែម្តង ភ្លាមៗកូនប្រុសមិនដឹងធ្វើយ៉ាងម៉េចក៏បានទៅប្រាប់សាច់ញាតិ និងអ្នកភូមិមកជួយរាវរក រហូតដល់ម៉ោង៥ល្ងាចថ្ងៃដដែលទើបរកឃើញ ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅក្នុងភូមិ-ឃុំខាងលើ ៕