ក្រុងប៉ោយប៉ែត ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន ក្រោយពីបានធ្វើសកម្មភាពលួចម៉ូតូឃ្លីក ពីនារីរងគ្រោះកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានប្រាប់ឲ្យដឹងថា ក្រោយពីបានទទួលពា្យបណ្តឹងពីនារីរងគ្រោះមានឈ្មោះ ហុក សោភា ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់-ក្រុងប៉ោយប៉ែត ជាបុគ្គលិកកាស៊ីណូហូលីដេ លោកបញ្ជាកម្លាំងចុះល្បាត រហូតដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យទាំង២មានឈ្មោះ យិន លី ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅភូមិព្រៃគប់ សង្កាត់-ក្រុងប៉ោយប៉ែត និងម្នាក់ទៀតឈ្មោះ ហ៊ីង សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូតម៉ូតូប្រគល់ជូនជនរងគ្រោះវិញ។
ក្រោយពីសាកសួរនាំ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានអហខេត្តដើម្បីចាត់ការតាមច្បាប់៕