ខេត្តមណ្ឌលគិរី ៖ អំពើឃាតកម្មមួយបានកើតឡើងលើបុរសម្នាក់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ដោយសារឃាតកវាយនឹងវត្ថុរឹងលើផ្ទៃមុខ និងផ្នែកខាងក្រោយក្បាលបណ្តាលឲ្យដេកដួលស្លាប់តែម្តង ។ ករណីឃាតកម្មនេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៤ នៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ផាន់ ស្រ៊ុល ភេទប្រុស អាយុ៣៤ ឆ្នាំ ជាជនជាតិព្នង រស់នៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ឃាតកម្មនេះកើតឡើងដោយសារជនរងគ្រោះត្រូវបានគេចោទថា ជាគ្រូធ្មប់ ព្រោះតាមទម្លាប់នៅទីនោះឲ្យតែមានអ្នកដែលចេះខាងអំពើធ្មប់នោះ មិនយូរទេពិតជាត្រូវមានអ្នកលួចវាយសម្លាប់ចោលជាមិនខានឡើយ ។ យ៉ាងណាក៏ដោយប្រជាពលរដ្ឋបានសំណូមពរយ៉ាងទទូចសូមឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខឃាតកឲ្យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ឲ្យខានតែបាន។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ឃាតកម្មខាងលើនេះ គឺជាឃាតកម្មគិតទុកជាមុន យោងតាមការស្រាវជ្រាវសមត្ថកិច្ចបានរកឃើញតម្រុយឃាតកខ្លះៗហើយ ព្រោះមុនពេលកើតហេតុ មានមនុស្សមួយក្រុមធ្លាប់បានឡើងទៅលបវាយលើជនរងគ្រោះម្តងរួចមកហើយ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវវែកមុកជនដៃដល់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕