ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នៅមុខភោជនីយដ្ឋានចំការឫស្សី ស្ថិតនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យរថយន្តកាមរី ស៊េរីឆ្នាំ១៩៩១ របស់លោកអនុសេនីយ៍ទោ ជេត វណ្ណៈ នាយការិយាល័យហ្វឹកហ្វឺនកងរាជអាវុធហត្ថខេត្តព្រះវិហារ ខ្ទេចមុខផ្នែកខាងស្តាំ ដោយសាររថយន្តដឹកឈើគ្រញូង១គ្រឿងម៉ាកកាមរីស៊េរីឆ្នាំ១៩៩៣ ពណ៌ស បើកបុកទាំងកំរោល ។
នៅវេលាម៉ោងខាងលើ លោកបានបើករថយន្តចេញពីទីបញ្ជាការគោលបំណងទៅផ្ទះនៅភូមិ.ឃុំខាងលើ តែពេលមកដល់កន្លែងកើតហេតុដែលជាចំណុចផ្លូវកោង ក៏មានរថយន្តដឹកឈើគ្រញូង១គ្រឿងបើកយ៉ាងលឿនបណ្តាលឲ្យជ្រុល ចង្កូតមកបុករថយន្តលោកខ្ទេចមុខមួយចំហៀង ចំណែករថយន្តដឹកឈើគ្រញូងបានជ្រុលធ្លាក់ផ្លូវទៅមុខលែងរួច ។ រីឯអ្នកបើកបរបានបើកទ្វាររត់បាត់ស្រមោល ។ លោកអនុសេនីយ៍ទោ ជេត វណ្ណៈ បានបន្តថា ក្រោយពីកើតហេតុ លោកបានចុះពិនិត្យមើលឃើញក្នុងរថយន្តផ្ទុកឈើគ្រញូងពេញ ទើបលោកទូរស័ព្ទទៅលោក អ៊ិត ភូម្រា នាយ ខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ យករថយន្តស្ទូចយករថយន្តដឹកឈើនោះទៅរក្សាទុកនៅខណ្ឌរដ្ឋបាល ព្រៃឈើព្រះវិហារ ដើម្បីចាត់ការទៅតាមនីតិវិធី ។
ដោយឡែករថយន្តដឹកឈើគ្រញូងខាងលើ បើពុំមានជួបគ្រោះថ្នាក់ចរាចរណ៍ទេ នោះប្រហែលទៅដល់ខេត្តកំពង់ចាមបាត់ទៅហើយ ៕