ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៤០នាទីយប់ ថ្ងៃទី២២ខែ មេសា ឆ្នាំ២០១៤ ខណៈដែលកំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀននៅចំណុចផ្សារមង្គលថ្មី ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីជនសង្ស័យមានឈ្មោះ ញឹម ចិន្តា អាយុ៣១ឆ្នាំ មានដើមកំណើតនៅភូមិអូរឈ្លើង ឃុំកោះរកាស្រុកកំពង់សៀម ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិក្បាលស្ពាន២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន១៨ថង់ ។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង សមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ន និងសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់៕