ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបរបស់នារីរងគ្រោះ តែមិនបានសម្រេច ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចមុខសាកលវិទ្យាល័យបាត់ដំបង ស្ថិតក្នុងភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ ឈុន ពិសិដ្ឋ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ ចំណែកជនរងគ្រោះមានឈ្មោះ តន ស្រីជិញ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ និស្សិត មានទីលំនៅក្រុមទី៣៤ ភូមិម្ភៃឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងជិះម៉ូតូស្រាប់តែជនសង្ស័យបានជិះម៉ូតូ១គ្រឿង មកឆក់កាបូបនាងជិះសំដៅ ទៅទឹកដីស្រុកសង្កែភ្លាមៗ នោះនាងបានស្រែកថាចោរៗ ឲ្យគេជួយបន្ទាប់មកជនសង្ស័យបានផ្តួលម៉ូតូចោលរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចចាប់ជាប់។ ក្រោយចាប់ឃាត់ខ្លួននោះសមត្ថកិច្ចដកហូតបានវត្ថុតាងក្នុងនោះរួមមាន ទូរស័ព្ទណូគាស៊ីម២មួយគ្រឿង ទូរស័ព្ទអាយហ្វូនហ្វាយអេស១គ្រឿង លិខិតឆ្លងដែន១ ប័ណ្ណបើកបរ១សន្លឹក លុយខ្មែរចំនួន៤៥.០០០រៀល លុយដុល្លារ៣ដុល្លារ ព្រមទាំងម៉ូតូរបស់ជនសង្ស័យធ្វើសកម្មភាពផងដែរ។
ក្រោយឃាត់ខ្លួន និងសាកសួរចម្លើយ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់។ ចំណែកវត្ថុតាងដែលរឹប អូសបានសមត្ថកិច្ចបានប្រគល់ឲ្យទៅម្ចាស់ដើមវិញ ៕