រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង២១និង៣០នាទីយប់ថ្ងៃទី២១ខែមេសា ឆ្នាំ២០១៤ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តមួយគ្រឿងបុកជាមួយនឹងម៉ូតូសេ១២៥ នៅចំណុចមុខមុន្ទីរពេទ្យព្រះកុសុមៈ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុកគេបានឃើញយុវជនម្នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BJ-3442 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាករ៉េនជឺរ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2Z-1323 ធ្វើដំណើរបញ្ច្រាស់ទិសគ្នាបានបុកគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យរងការខូចខាត។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយពេលក្រោយ៕