ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ដែលបានប្រើប្រាស់អំពើហិង្សា ខណៈដែលផឹកស៊ីហើយឌឺដងពាក្យសម្តីរហូតដល់ជនបង្កបានវាយក្បាលជនរងគ្រោះរហូតដល់បែក កាលពីវេលាម៉ោង៩និង៣០នាទីយប់ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ។ ករណីឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ នៅផ្ទះជនបង្ក ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនបង្កមានឈ្មោះ ឈួម រុំ ហៅក្រឹម ភេទប្រុស អាយុ២៣ឆ្នាំ ។ ចំណែកជនរងគ្រោះមានឈ្មោះ ទូច ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ ។ អ្នកទាំងពីរមានទីលំនៅក្បែរគ្នា ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។
លោក ហម ម៉ុត មេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើជនបង្ក និងជនរងគ្រោះ ជាមិត្តភក្តិនឹងគ្នា ហើយបានផឹកស៊ីស្រវឹងជោកជាំរវាងខ្លួន រហូតដល់ឌឺដងពាក្យសម្តីដាក់គ្នាធ្វើឲ្យជនបង្កខឹងបានទាញខ្សែក្រវាត់វាយក្បាលជនរងគ្រោះ ហើយគេចខ្លួនបាត់ស្រមោល ។ លុះគេចខ្លួនបានមួយរយៈជនសង្ស័យបានវិលមកចូលផ្ទះវិញ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
នៅមុខសមត្ថកិច្ចជនបង្កបានសារភាពថា រូបគេពិតជាបានប្រើប្រាស់អំពើហិង្សាពិតប្រាកដមែន ខណៈដែលរូបគេស្រវឹកស្រា ។ ក្រោយពេលសាកសួរជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕