រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវប្រជាពលរដ្ឋវាយស្ទើរស្លាប់ស្ទើររស់ ខណៈពេលធ្វើសកម្មភាពវាយនារីម្នាក់ប៉ងយកទៅរំលោភតែមិនបានសម្រេច ព្រោះត្រូវបងស្រីនាងឃើញទាន់ ហើយស្រែកឆោឡោ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យល្មោភកាមខាងលើឈ្មោះ នាង រិទ្ធី អាយុ២៦ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីរងគ្រោះអាយុ២២ឆ្នាំ ជាកម្មការិនីរោចក្រ ស្នាក់នៅផ្ទះជួលក្បែរជនសង្ស័យខាងលើ។
នៅចំពោះមុខសមត្ថកិច្ចនារីរងគ្រោះឱ្យដឹងថា នាង និងជនសង្ស័យបានស្គាល់គ្នារយៈពេល៣ខែមកហើយ ដោយសារតែបុរសរូបនោះបានមកជួលបន្ទប់ស្នាក់នៅក្បែរបន្ទប់ជួលរបស់នាង ។ ជារៀងរាល់ថ្ងៃជននោះតែងតែព្យាយាមសុំលេខទូរស័ព្ទពីនាង ហើយក៏បានទូរស័ព្ទមកសុំស្នេហ៍ និងចង់ណាត់ជួបរូបនាងជាច្រើនលើកច្រើនសារ តែនាងបដិសេធមិនព្រមជួប ។
លុះនៅយប់ថ្ងៃកើតកើតហេតុ ពេលនាងដើរចេញពីបន្ទប់យកសំរាមទៅបោះចោលនៅម្ដុំផ្លូវរថភ្លើងក៏លេចមុខបុរសល្មោភកាមម្នាក់នោះ ដើរតាមពីក្រោយនាងរហូតដល់កន្លែងស្ងាត់ ក៏បានធ្វើសកម្មភាពវាយនាងមួយដៃចំកញ្ចឹងក រួចចាប់បោចសក់នាងអូសចូលទៅក្នុងគុម្ពស្មៅក្បែរកន្លែងចាក់សំរាម (ម្ដុំផ្លូវរថភ្លើង) ហើយបម្រុងចាប់រំលោភនាង តែត្រូវបងស្រីនាងឃើញទាន់ស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ស្ទាក់វាយម្នាក់មួយដៃមួយជើងស្ទើរស្លាប់ស្ទើររស់ ហើយកុំតែបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីចុះមកអន្តរាគមន៍ទាន់ពេលវេលា កុំអីត្រូវប្រជាពលរដ្ឋវាយស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំជនរងគ្រោះ និងជនសង្ស័យយកទៅ សាលាសង្កាត់ ដើម្បីសាក សួរ និងកសាកសុំណំរឿង បញ្ជូនទៅតុលាការ ដើម្បីចាក់ការទៅតាមផ្លូវច្បាប់៕