ខេត្តសៀមរាប ៖ ប្តីចិត្តឫស្យា ពេលដែលសុរាចូលក្នុងខ្លួន ទាញកាំបិតខ្វែវកាប់ប្រពន្ធខ្លួនបណ្តាលឲ្យស្លាប់ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានក្រោយពីធ្វើសកម្មភាព ។ អំពើដ៏សាហាវយង់ឃ្នង់មួយនេះបានកើតឡើងកាលពីវេលាម៉ោង៥ទាបភ្លឺថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិចុងថ្នល់ ឃុំយាង ស្រុកពួក ខេត្តសៀមរាប ។
ជនដៃដល់ដែលសម្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ លិក ជ្រក់ អាយុ៣៥ឆ្នាំ ។ ចំណែកស្ត្រីរងគ្រោះដែលជាប្រពន្ធមានឈ្មោះ ហូ ភន់ អាយុ៣៧ឆ្នាំ អ្នកទាំងពីរមានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ប្រកបមុខរបរធ្វើស្រែ មានកូនប្រុសពីរនាក់ក្នុងបន្ទុកម្នាក់អាយុ៨ឆ្នាំ និងម្នាក់អាយុ៦ឆ្នាំ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្បែរខាង បានឮសំឡេងក្ដុងក្ដាំងចេញពីផ្ទះជនរងគ្រោះ ហើយអ្នកជិតខាងបានឃើញស្ត្រីរងគ្រោះបានដេកស្លាប់ក្នុងថ្លុកឈាម ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួនជនដៃដល់ជាប្តីតែម្តង។
នៅមុខសមត្ថកិច្ចជនសង្ស័យបាននិយាយថា រូបគេបានដេកជាមួយប្រពន្ធហើយយល់សប្តិឃើញមានជនកំណាចដេញកាប់មកលើរូបគេ ហើយគេបានទាញកាំបិតខ្វែវទៅកាប់ជននោះវិញតែប៉ុណ្ណោះ គឺមិនមែនកាប់ប្រពន្ធទេ ។ តែទោះជាយ៉ាងណានេះគ្រាន់តែជាចម្លើយដោះសាយករួចខ្លួនរបស់ជនដៃដល់តែប៉ុណ្ណោះ។
ជុំវិញបញ្ហានេះអ្នកភូមិផងរបងជាមួយបាននិយាយថា បុរសខាងលើ ថ្ងៃណាក៏ផឹក ថ្ងៃណាក៏ស្រវឹង មិនលោះថ្ងៃ ហើយនិយាយម្នាក់ឯងដូចមនុស្សឆ្គួត ទំនងដូចជា វង្វេងស្មារតី ព្រោះអស់តែស្រា។ តែអ្វីដែលគួឲ្យសង្វេគបំផុតនោះ គឺកូនប្រុសពីរនាក់ដែលពុំទាន់ដឹងខុសត្រូវម្តាយស្លាប់ចោលឪពុកជាប់គុក តើពួកគេនឹងក្លាយទៅជាយ៉ាងណា.?។
បច្ចុប្បន្នជនដៃដល់ដែលត្រូវជាប្តី និងវត្ថុតាង ត្រូវបានសមត្ថកិច្ចមូលដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ពីបទឃាតកម្មដោយចេតនា ដើម្បីចាត់ការតាមផ្លូវច្បាប់៕