ខេត្តរតនគិរី ៖ បុរសល្មោភកាមម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកវ៉ើនសៃ ធ្វើការចាប់ឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេងស្រីអាយុ៥ឆ្នាំ រហូតដល់បានសម្រេច ។ ការចាប់ឃាត់ខ្លួននេះធ្វើឡើងកាលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួននោះមានឈ្មោះ ហេង សុធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាឡាន់ញ៉ៃ ឃុំវ៉ើនសៃ ស្រុកវ៉ើនសៃ ខេត្តរតនគិរី ។ ចំណែកក្មេងស្រីជនរងគ្រោះជាជនជាតិឡាវ មានទីលំនៅក្បែរជនសង្ស័យ។
យោងតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះឈ្មោះ ប៉ូរ លីស៊ី បានឲ្យ ដឹងថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ ក្មេងស្រីរងគ្រោះ និងម្តាយបានដេកនៅក្នុងផ្ទះ តែមិនបានបិទទ្វារផ្ទះនោះទេ ស្រាប់តែពេលភ្ញាក់ឡើងរកកូន មិនឃើញក៏បានដើររក និងស្រែកហៅកូនអស់រយៈពេលជិតកន្លះម៉ោង ទើបគាត់រកកូនឃើញនៅក្រោយផ្ទះចម្ងាយប្រហែល១០០ម៉ែត្រ ដោយរូបកូនស្រីគាត់មានសភាពអាក្រាតកាយ ។ ពេលឃើញដូច្នេះគាត់បានសួរកូនស្រី នាងឆ្លើយទាំងយំឈឺចាប់ថា សង្ស័យខាងលើ បានធ្វើសកម្មភាពប្លែកៗលើរូបនាងទើបគាត់រត់មកប្តឹងប៉ូលិសតែម្តងទៅ ។ នៅមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនមិនបានចាប់រំលោភនោះទេ គ្រាន់លូកស្ទាបតែប៉ុណ្ណោះ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕