ក្រុងប៉ោយប៉ែត ៖ វង់ផឹកស៊ី បានក្លាយជាទីលានសមរភូមិកាប់ចាក់ ដោយសារតែឥទ្ធិពលនៃសារធាតុស្រវឹងរហូតដល់អ្នកចាញ់ដេកពេទ្យ និងអ្នកឈ្នះបានត្រឹមជាប់គុក ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៤ ឆ្នាំ២០១៤ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃខាងលិចរបងកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ហើយសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះ និងស្វែងរកចាប់ខ្លួនជនដៃដល់ កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្សាររ៉ា ក្នុងសង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
យោងតាមពាក្យបណ្តឹងបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ពាង ម៉ិក ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិប៉ោយប៉ែត សង្កាត់ និងក្រុងប៉ោយប៉ែត ។ ចំណែកជនរងគ្រោះមានឈ្មោះ ចាន់ ថន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុខាងលើជនបង្ក និងជនរងគ្រោះបានស៊ីផឹកជាមួយគ្នា ក្នុងឱកាសចូលឆ្នាំថ្មី ។ ពេលផឹកស៊ីនោះ ជនរងគ្រោះបានឌឺដង និងលេងសើចជាលក្ខណៈមិត្តភក្តិ រហូតដល់ផ្ទុះជាកំហឹងរហូតដល់ជនបង្កបានទាញដងស្រាមកវាយសំពងលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាលជាច្រើនកន្លែង ។ ភ្លាមនោះជនបង្កបានរត់គេចខ្លួនចូលទៅក្នុងដីថៃ តែម្តង ហើយជនរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជននៅក្នុងក្រុងប៉ោយប៉ែត ។ លុះព្រឹកឡើងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីឲ្យជួយស្រាវជ្រាវរកមុខជនដៃដល់ផ្តន្ទាទោសតាមផ្លូវច្បាប់ ។ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាមលោកវរសេនីយ៍ទោ ហម ម៉ុត មេបញ្ជាការបានដាក់កម្លាំងតាមទិសដៅឈរជើង រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្សាររ៉ា តែម្តង ។
លោក ហម ម៉ុត មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនបានប្រើហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន ។ ក្រោយសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីនៃច្បាប់៕