រាជធានីភ្នំពេញ ៖ ម្ចាស់ហាងកាត់សក់ ម៉ាស្សា យីហោលីណា ត្រូវបានសមត្ថកិច្ចធ្វើឃាត់ខ្លួន ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះពាក់ព័ន្ធករណីបទឆបោកប្រាក់ចំនួន៥ម៉ឺនដុល្លារ ។ ការចាប់ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១៦និង១៥នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ៨៤Eo ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមពាក្យបណ្តឹងបានឲ្យដឹងថា ជនជាប់សង្ស័យមានឈ្មោះ ចាន់ លីណា ហៅ វ៉ា ភេទស្រី អាយុ៥៩ឆ្នាំ មានមុខរបរបើកហាងកាត់សក់ ម៉ាស្សា ស្នាក់នៅផ្ទះលេខ៨៤Eo ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។ រីឯជនរងគ្រោះឈ្មោះ ឆាយ លាងហេង ភេទស្រី អាយុ៥៥ឆ្នាំ មានមុខរបរលក់អង្ករ ស្នាក់នៅផ្ទះលេខ៧៩Eo ផ្លូវលេខ១៧៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង ករណីឆបោកចំនួន៥ម៉ឺនដុល្លាររួចមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនស្ត្រីម្នាក់ជាថៅកែខាងលើនេះ ។ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាំង រួមមានលោហៈធាតុ ពណ៌លឿង១២០ដុំ ក្រដាសយ័ន្តចិនមួយផ្ទាំង ព្រះចិន (អុងឌៀរចំនួន០៣ដុំ) កាក់ចិន០៤កាក់ លុយបុរាណមិនស្គាល់ម៉ាកចំនួន០៧សន្លឹក លុយដុល្លារ២០ដុល្លារ លុយខ្មែរ ១២.០០០រៀល និងទូរស័ព្ទដៃ២គ្រឿង ។
បច្ចុប្បន្នស្ត្រីជាប់សង្ស័យ និងវត្ថុតាងត្រូវសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕