ខេត្តព្រះសីហនុ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សង្វេគមួយបានសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់ និងម្នាក់ទៀតបានទទួលរងរបួសធ្ងន់ ខណៈដែលជិះម៉ូតូជាមួយនឹងរថយន្តហើយបានជ្រុលទៅបុកម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា ។ ករណីគ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្នុងឃុំបឹងវែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉េន សុខ ភេទស្រី អាយុ៣៧ឆ្នាំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BZ-2265 ក្នុងទិសដៅពីក្រុងព្រះសីហនុទៅខេត្តកំពត តាមបណ្តោយផ្លូវជាតិលេខ៣ ។ លុះមកដល់កន្លែងកើតហេតុបានជែងជាមួយនឹងរថយន្ត ហើយក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១២ ពាក់ស្លាកលេខព្រះសីហនុ 1C-8637ជិះគ្នា២នាក់ឪពុកឈ្មោះ ញៀម ថន ភេទប្រុស អាយុ៤៥ឆ្នាំ ឌុបកូនឈ្មោះ ញៀម ម៉ាប់ បណ្តាលឲ្យឪពុកស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ និងកូនរងរបួសធ្ងន់ ហើយភាគីម្នាក់ស្លាប់នៅនឹងកន្លែង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ និងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីដោះស្រាយតាមច្បាប់ ៕