ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគីរីបានឲ្យដឹងថា លោក កប ធន់ ប្រធានប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំមេម៉ង់ ស្រុកកែវសីម៉ា បានបាញ់រះចំនួន២គ្រាប់ កណ្តាលរាត្រីនៅយប់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បណ្តាលឲ្យយុវជនម្នាក់រងរបួសចំប្រអប់ជើង រីឯប្រជាពលរដ្ឋវិញ បានផ្អើលរត់ជាន់ជើងគ្នា។
ជនរងគ្រោះដោយសារគ្រាប់កាំភ្លើងលោកប្រធានប៉ុស្តិ៍រដ្ឋបាលនគរបាល កប ធន់ នៅយប់បុណ្យចូលឆ្នាំថ្មីនោះមានឈ្មោះ ផេន ចាន់ណន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ក្នុងភូមិទួលមេម៉ង់ ឃុំមេម៉ង់ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ ក្រោយកើតហេតុជនរងគ្រោះត្រូវ បានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។
បើតាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរៀបរាប់ថា នៅយប់ថ្ងៃកើតហេតុមានពិធីបុណ្យអបអរចូលឆ្នាំថ្មី នៅវត្តស្ថិតក្នុងឃុំមេម៉ង់។ ប៉ុន្តែគេមិនដឹងថា មានមូលហេតុអ្វីស្រាប់តែលោកប្រុធានប៉ុស្តិ៍រដ្ឋបាលនគរបាល កប់ ធន់ បានបាញ់ចំនួន២គ្រាប់ កណ្តាលរោងបុណ្យ ធ្វើឲ្យផ្អើលអស់ប្រជាពលរដ្ឋដែលកំពុងនាំគ្នាចូលរួមលេងកម្សាន្ត ហើយមិនតែប៉ុណ្ណោះ គ្រាប់កាំភ្លើង បានធ្វើឲ្យយុវជនម្នាក់ រងរបួសថែមទៀតផង តែគ្មានអ្នកចេញមករកខុសត្រូវជូនជនរងគ្រោះឡើយទេ។ រីឯលោក កប ធន់ ប្រធានប៉ុស្តិ៍រដ្ឋបាលនគរបាល ឃុំមេម៉ង់ បង្កការបាញ់បោះ ត្រូវប្រជាពលរដ្ឋរងរបួសនៅតែមានសេរីភាព គឺគ្មានថ្នាក់ណាមួយប៉ះពាល់នោះនៅឡើយទេ៕