ខេត្ដតាកែវ ៖ រឿងរ៉ាវប្តីសម្លាប់ប្រពន្ធខ្លួនបានធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ខណៈដែលរៀបការបានត្រឹមតែមួយខែប៉ុណ្ណោះ ។ ហេតុការណ៍ដែលកើតចេញពីភ្លើងប្រចណ្ឌកើតឡើង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤វេលាម៉ោង ១៨និង២០នាទី ស្ថិតក្នុងភូមិខ្នាចខាង ជើងឃុំបឹងក្រាញ់ខាងជើង ស្រុកសំរោង ខេត្ដតាកែវ ។
ជនសង្ស័យជាប្ដីឈ្មោះ នូ រិទ្ធី អាយុ ២៥ឆ្នាំ ។ ចំណែកប្រពន្ធជាស្ដ្រីរងគ្រោះឈ្មោះ អ៊ឹម សុម៉ាលី អាយុ២២ឆ្នាំ អ្នកទាំងពីរមានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាប្ដីបានបបួលប្រពន្ធទៅងូតទឹកអណ្ដូងខាងក្រោយផ្ទះមានចម្ងាយ៧០ម៉ែត្រ ។ លុះនៅពេលងូតទឹករួចប្ដីក៏បានយកអាវដៃវែងមករឹតកប្រពន្ធរហូតសន្លប់ដោយស្មានថា ប្រពន្ធស្លាប់ក៏អូសប្រពន្ធយកទៅចោលក្នុងអូរ រួចប្ដីក៏បានមកផ្ទះឪពុករបស់ខ្លួននៅភូមិឃុំជើងគួន ស្រុកសំរោង ដោយយកថ្នាំកណ្ដុរលេបសម្លាប់ខ្លួន តែត្រូវបានក្រុមគ្រួសារដឹងទាន់ក៏បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ដតាកែវ ។ ចំណែកជនរងគ្រោះដែលជាភរិយាពេលដឹងខ្លួនក៏ស្រវេស្រវាទៅ ផ្ទះឪពុកម្ដាយដែរនៅក្បែរកន្លែងកើតហេតុឲ្យជួយយកទៅមន្ទីពេទ្យ និងបានរៀបរាប់ប្រាប់គ្រប់ដំណើររឿងដល់ក្រុមគ្រួសារ ។
ក្រោយពីទទួលបានពាក្យបណ្ដឹងនៅសមត្ថកិច្ចស្រុកសំរោង បានចុះឃាត់ខ្លួនជនសង្ស័យដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្ដតាកែវ ។ ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនគេពិតជាមាន បំណងសម្លាប់ប្រពន្ធពិតមែនតែ មិនបានប្រាប់ពីមូលហេតុអ្វីនោះទេ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ដតាកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់៕