ខេត្តកំពង់ឆ្នាំង ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ និងបណ្តាលឲ្យមនុស្ស២នាក់បានរងរបួសទាំងយប់។ ករណីនេះបានកើតឡើងកាលឡើងវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៤ នៅក្នុងភូមិអណ្តូងពោធិ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិឃុំកើតហេតុបានឲ្យដឹងថា ខណៈដែលប្រជាពលរដ្ឋកំពុងលង់លក់ក្នុងដំណេកនោះ នៅវេលាកើតហេតុខាងលើស្រាប់តែអគ្គីភ័យបានឆាបឆេះចេញពីផ្ទះជនរងគ្រោះប្តីឈ្មោះ ហេង សុគន្ធ អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ គង់ សុឃី អាយុ៤៣ឆ្នាំ មុខរបរធ្វើស្រែ និងឡើងត្នោត មានកូន២នាក់ក្នុងបន្ទុក។ ផ្ទះដែលត្រូវភ្លើងឆេះម៉ដ្ឋនោះមានទំហំ៧គុណ៨ម៉ែត្រ ប្រក់ក្បឿង ជញ្ជាំងក្ដារ៣ជ្រុង និងស្លឹក១ជ្រុង ក្រាលក្តារ។
ក្នុងករណី គ្រោះអគ្គីភ័យនេះក៏មានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាល ខេត្តចំនួន២គ្រឿងទៅអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ផងដែរ ទើបអាចគ្រប់គ្រងអគ្គីភ័យនេះបាន គឺឆេះតែផ្ទះជនរងគ្រោះប៉ុណ្ណោះ មិនបង្កការរាលដាលឆេះដល់ផ្ទះប្រជាពលរដ្ឋជិតខាងក្នុងភូមិជិតខាងឡើយ ។ ប៉ុន្តែករណីនេះសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា កំពុងធ្វើការស្រាវជ្រាវមិនទាន់ដឹងពីមូលហេតុនៃអគ្គីភ័យនេះ ច្បាស់លាស់ទេ ហើយទំហំការខូចខាតក៏មិនទាន់បូកសរុបពីម្ចាស់ផ្ទះបាននៅឡើយទេ ព្រោះម្ចាស់ផ្ទះកំពុងព្យាបាលរបួសនៅផ្ទះបងប្អូន៕