កូរ៉េខាងត្បូង ៖ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃពុធ ទី ១៦ ខែមេសា ចំនួនអ្នកស្លាប់៣ និងកំពុងបាត់ខ្លួន ២៩២នាក់ព្រមទាំងជួយសង្គ្រោះបានចំនួន ១៦៤នាក់ ក្នុងករណីលិចនាវាអ្នកដឹកដំណើរ នៅក្នុងដែនសមុទ្រកូរ៉េខាងត្បូង។
អាជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ថា អ្នកស្លាប់ចំនួន៣នាក់នោះ មានសមាជិក នាវិក ភេទស្រីម្នាក់ អាយុ ២២ឆ្នាំ និងសិស្សប្រុស ២នាក់ ។ អាជ្ញាធរដែនសមុទ្របានបញ្ជាក់ថា ចំនួនសិស្ស គឺ ៤៥៩នាក់ ដែលស្ថិតនៅលើកប៉ាល់ បានលិចចូលទៅក្នុងសមុទ្រនោះ។
បើតាមការអះអាងរបស់អ្នកដំណើរម្នាក់ដែលរួចពីសេចក្ដីស្លាប់នាពេលនោះបាននិយាយថា សាឡង់ខាងលើដែលមានទម្ងន់៦.៨២៥តោនបានប៉ះទង្គិចនឹងឧបករណ៍ដ៏ អាថ៌កំបាំងមួយ (ក្នុងទឹក) នៅពេលកំពុងបើកបរ ប៉ុន្តែមិនដឹងថាជាអ្វីឲ្យប្រាកដនោះទេ។
តាមការឲ្យដឹងពី អាជ្ញាធររបស់ខ្លួន ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តរហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ ដោយក្នុងនោះ ក្នុងចំណោមអ្នកដំណើរសរុបប្រមាណជា៤៧៥នាក់ មានអ្នកដំណើរ ១៧៩នាក់ត្រូវបានជួយសង្គ្រោះ។
អ្នកដំណើរនៅលើសាឡង់នោះភាគច្រើនគឺជាសិស្សវិទ្យាល័យ មានចំនួន៣២៥នាក់ អាយុចន្លោះពី ១៦ ទៅ ១៧ឆ្នាំ បានធ្វើដំណើរក្នុងគោលដៅទេសចរណ៍ទៅកាន់កោះ Jeju ដ៏មានប្រជាប្រិយភាពរបស់ខ្លួន ដោយបានផ្ទុកជាមួយនឹងរថយន្ត១៥០គ្រឿងផងដែរ។
ចំនួនមនុស្ស ស្លាប់ត្រូវគេរំពឹងថា មានការកើនឡើងបន្តទៀត ត្បិតអីចំនួនអ្នកបាត់ខ្លួននៅមានច្រើនលើសលប់នៅឡើយ។ នៅព្រឹកនេះ អាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជូនអ្នកមុជទឹកចំនួន១៨០ នាក់ អមជាមួយឧទ្ធម្ភាគចក្រ ៣០គ្រឿង និងកប៉ាល់ជួយសង្គ្រោះរហូតដល់១៧០គ្រឿង៕