រាជធានីភ្នំពេញ ៖ បុរស២នាក់រងរបួសធ្ងន់ ស្រាល ខណៈដែលធ្វើដំណើរតាមផ្លូវ ហើយត្រូវម៉ូតូបុក ។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង១០នាទីយប់ថ្ងៃទី៩ខែមេសា ឆ្នាំ២០១៤ នៅចំណុចស្ថានីយ៍បូមទឹកក្បាលថ្នល់ តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ធ្វើដំណើរដោយដើរថ្មើជើង តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងពណ៌សលាយផ្ការឈូក ធ្វើដំណើរស្របទិសគ្នាបានបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យអ្នកទាំងពីររងរបួសធ្ងន់ និងស្រាល។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗ ចំណែកភាគីម៉ូតូបង្កត្រូវសមត្ថកិច្ចឃាត់ខ្លួនដើម្បីធ្វើការសាកសួរ៕