រាជធានីភ្នំពេញ ៖ ចំណង់តណ្ហាបានធ្វើឲ្យមន្ត្រីនគរបាលម្នាក់ បានយកភោជនីយដ្ឋានយីហោ ណារីភ្នំមាស ធ្វើជាទីលានសមរភូមិពាក្យសម្តីឌឺដង រហូតដល់កើតមានអំពើហិង្សា ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៤ នៅមុខភោជនីយ៍ដ្ឋានយីហោ ណារីភ្នំមាស តាមបណ្តោយផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹក រហស្សនាម 18U បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល1-0018 មកឈប់មុខភោជនីយដ្ឋាន ណារីភ្នំមាស ហើយចូលទៅអូសដៃនារីម្នាក់ចេញពីហាង ប៉ុន្តែនារីម្នាក់នោះបានប្រកែក បណ្តាលឲ្យមន្ត្រីទំនើងផ្ទុះកំហឹងប្រតាយប្រតប់គ្នាមួយប្រ៉ាវ ភ្លាមៗនោះមានបុគ្គលិកប្រុសៗ ៣ទៅ ៤នាក់ នៅក្នុងភោជនីយដ្ឋានណារីភ្នំមាសបានចេញមកជួយនារីនោះ ហើយពួកគេបានវាយតប់គ្នា ជាមួយ នគរបាលប៉ុស្តិ៍ទំនប់ទឹក មួយប្រ៉ាវបណ្តាលឲ្យផ្អើលដល់នគរបាលមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ៤ ទៅ៥ នាក់ចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុផងដែរ តែភ្លាមនោះនរគបាលទំនើងនោះបានវាយទៅលើនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវម្នាក់ បណ្តាលឲ្យរងរបួសភ្នែកខាងឆ្វេងម្ខាង ក្រោយមកទៀតក៏បានវាយតប់គ្នាជាមួយនឹងក្រុមបុគ្គលិកក្នុងភោជនីយដ្ឋានណារីភ្នំមាស ។
ក្រោយកើតហេតុរវាងភាគីភោជនីយដ្ឋាន ណារីភ្នំមាស និងមន្ត្រីនគរបាលទំនើងនោះ ព្រោះទាំងជនរងរបួស ត្រូវនាំទៅអធិការដ្ឋាន ដើម្បីសាកសួរបន្ថែម៕