រាជធានីភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធបានភ្ជង់ប្លន់បុរសម្នាក់ បានសម្រេច ហើយគេចខ្លួនដោយសុវត្ថិភាព ខណៈដែលជនរងគ្រោះកំពុងអង្គុយផ្តោះផ្តងវាចារស្នេហា ។ ករណីភ្ជង់ប្លន់នេះកើតឡើងកាលពីវេលាម៉ោង២៣និង២០នាទីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចទល់មុខអាគារG នៃមជ្ឈដ្ឋានកម្សាន្តកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ដាំ សួគ៌ា អាយុ២៨ ឆ្នាំ ជាអាជីវករ មានស្រុកកំណើតនៅភូមិគីរីថ្មី ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពមានពីកន្លែងកើតហេតុដែលជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានណាត់មិត្តស្រីមកអង្គុយលេងនៅក្នុងកោះពេជ្រ ទល់មុខអាគារG ។ លុះដល់វេលាកើតហេតុស្រាប់តែជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ជិះក្រឡឹងចុះឡើងៗ ហាក់ដូចជាចង់រកអ្នកណាម្នាក់ លុះដល់វេលាខាងលើជនសង្ស័យទាំងពីរនាក់ បានជិះម៉ូតូចូលមកធ្វើសកម្មភាពភ្ជង់គំរាមយកម៉ូតូពីរជនរងគ្រោះម៉ាកR-Six ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AH-5911 ព្រមទាំង ខ្សែ.ក ១ខ្សែ ទូរស័ព្ទដៃចំនួន៣គ្រឿង និងលុយក្នុងកាបូប ប្រមាណជា២០០ដុល្លារ ហើយជិះចេញទៅបាត់ដោយសុវត្ថិភាព។
ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងស្រាវជ្រាវ៕