ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស៤នាក់បានរងរបួសធ្ងន់ បាក់ដៃ បាក់ជើង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តនីស្សាន់ NAVARA បើកបុកម៉ូតូដែលបម្រុងបត់ឆ្វេងដៃចូលរោងការអូសធ្លាក់ចូលប្រឡាយទឹក ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល តាមបណ្តាយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង ។
ជនរងគ្រោះទាំង៤នាក់មាន១-ឈ្មោះ វឿន ផល្លា ភេទប្រុសអាយុ២៣ឆ្នាំ ២-ឈ្មោះ ឌី សាវ៉េត ភេទប្រុសអាយុ២២ ឆ្នាំ ៣-ឈ្មោះ ពឿន វីន ភេទប្រុស អាយុ១៣ឆ្នាំ និងទី៤-ឈ្មោះ ចេង រក្សា ភេទប្រុស អាយុ៦ឆ្នាំ អ្នកទាំងអស់គ្នា រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង៤បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង 1Q-7106 ឌុបគ្នាចេញពីផ្ទះទៅចូលរួមពិធីការនៅចុងភូមិដុបក្រសាំង ដោយធ្វើដំណើរពីកើតទៅលិច ។ លុះមកដល់កន្លែងកើតហេតុ ដែលទល់មុខរោងការក៏បត់ឆ្វេងចូលរោងការតែត្រូវរថយន្ដមួយគ្រឿងម៉ាកនីសាន់ NAVARA កំពុងបើកស្របទិសគ្នាបានបុកពីក្រោយបណ្ដាលឲ្យមនុស្សខ្ទាតបាក់ដៃ បាក់ជើង ពេញផ្លូវ ។ ចំណែកម៉ូតូជាប់ជាមួយរថយន្ដជ្រុលធ្លាក់ទៅក្នុងប្រឡាយទឹកក្បែថ្នល់នោះតែម្ដង។ អ្នកបើកបររថយន្ដបានគេចចេញពីចំណុចកើតហេតុបាត់ខ្លួនតែម្ដង ។
ក្រោយកើតហេតុជនរងគ្រោះទាំង៤នាក់យកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកមោងឫស្សី ។ ចំណែករថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការស្រុកដោយរង់ចាំស្រាវជ្រាវរកម្ចាស់ដើម្បីដោះស្រាយ ៕