រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកIphon5S ពីនារីជនគ្រោះម្នាក់កំពុងជិះម៉ូតូកង់បីជាមួយបងប្អូន ហើយគេចរថយន្តមួយគ្រឿងទៀត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ វ៉ាន់ រូស្សា អាយុ២១ឆ្នាំ មានទីលំនៅផ្ទះលេខ១៦០Eo សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកសង្ស័យមានឈ្មោះ អ៊ូ សុផាន់ ភេទប្រុស អាយុ២៨ឆ្នាំ ធ្វើការនៅហាងខារ៉ាអូខេម្តុំផ្សារតាប៉ាង ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើជនសង្ស័យទាំងពីរបានជិះម៉ូតូម៉ាកស្តេប ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1G-9115 ធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះ កំពុងនិយាយលើរ៉ឺម៉កកង់បី ហើយព្យាយាមជិះម៉ូតូគេចខ្លួនតែដោយសំណាងអាក្រក់ក៏បានបើកម៉ូតូជ្រុលទៅបុកនឹងរថយន្តមួយគ្រឿង ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។
ក្រោយកើតហេតុសមត្ថកិច្ចនាំជនសង្ស័យទៅអធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕