ខេត្តបាត់ដំបង ៖ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានសម្លាប់យ៉ាងអាណោចអាធ័ម ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលមកពីរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនឫទ្ធិមុន្នីបុកយ៉ាងពេញទំហឹង ហើយកិន ខណៈដែលជនរងគ្រោះកំពុងបើកម៉ូតូសណ្តោងរទេះដឹកឥវ៉ានយកទៅលក់ ។ ករណីគ្រោះថ្នាក់ដ៏រន្ធត់មួយនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង១០នាទីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកោង ក្នុងភូមិព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ជនរងគ្រោះជាប្តីមានឈ្មោះ ផាវ សុផាត អាយុ៣៥ឆ្នាំ និងប្រពន្ធឈ្មោះ ទាវ ចាន់រី អាយុ២៧ឆ្នាំ ជាមានទីលំនៅភូមិស្វាយជាតិ ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធបានបើកម៉ូតូម៉ាកហុងដាឌ្រីម សេ១០០ ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1H-4789 អូសរទេះដឹកឥវ៉ាន់ចាប់ហ៊ួយ យកទៅលក់ក្នុងទិសដៅពីលេខទៅកើត ។ លុះមកដល់កន្លែងកើតហេតុដែលជាផ្លូវកោងត្រូវរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនឫទ្ធិមុន្នី ពាក់ស្លាកលេខភ្នំពេញ 3B-4949 ដែលបើកបរក្នុងទិសដៅច្រាសគ្នាបុកយ៉ាងពេញទំហឹងបណ្តាល២នាក់ប្តីប្រពន្ធ ខ្ទាតទៅក្រោមកង់ខាងឆ្វេង ហើយត្រូវកិនធ្លាយខួរស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង ។ ពេលឃើញហេតុការណ៍បែបនេះបើកបររថយន្តបង្កបានគេចខ្លួនបាត់ស្រមោល ដោយទុកតួនាទីឲ្យក្រុមហ៊ុនធានារ៉ាប់រងជាអ្នកចូលទៅដោះស្រាយ ។ ទង្វើបែបនេះជាហេតុដែលបណ្តាលអ្នកបើកបរទាំងនោះ មានទីអាង ហើយមិនព្រមរាងចាលឡើយ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើអន្តរាគមន៍ និងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាន ។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕