ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខកាប់មួយពូថៅបណ្តាលឱ្យដាច់បំពង់កស្លាប់ យ៉ាងអាណោចអាធ័ម ក្នុងថ្លុកឈាម នៅកន្លែងកើតហេតុចម្ងាយប្រមាណ៧០ម៉ែត្រ ពីខាងមុខផ្ទះដែល កំពុងប្រារព្ធពិធីឡើងផ្ទះថ្មី នៅផ្លូវលាវ ស្ថិតក្នុងភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៌ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ និង១០នាទីយប់ថ្ងៃទី៨ មេសា ទោះជាយ៉ាងណាភ្លាមៗ នោះប៉ូលិសមិនទាន់បានកំណត់ មុខសញ្ញាជនដៃដល់នៅឡើយទេ ព្រោះអំពើហិង្សានេះបង្កឡើង ដោយមនុស្ស២ក្រុមវាយ ប្រយុទ្ធគ្នាដោយដំបង កាំបិត ពូថៅ មិនដឹងខាងណាជាខាងណា ដែលពេលនេះប៉ូលិសកំពុងស៊ើប អង្កេតយ៉ាងញាប់ដៃញាប់ជើង ។
ប្រភពពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជម្លោះដែលឈានដល់អំពើហិង្សានោះពុំទាន់ដឹងថា បណ្តាលមកពីអ្វីនោះទេ គ្រាន់តែដឹងថា អំពើហិង្សាយ៉ាងព្រៃផ្សៃនេះកើត ឡើងរវាងមនុស្ស២ក្រុមមាន ជម្លោះនឹងគ្នា និងពុំដឹងថា ខាងណាជាខាងណានោះទេ ។ មុនពេលកើតហេតុនៅផ្ទះឈ្មោះ ភួង ហ៊ិន អាយុ៣២ឆ្នាំ រស់នៅភូមិសិរី ឃុំខុនរ៉ង មានរៀបចំពិធីឡើងគេហដ្ឋានថ្មីដោយមានភ្ញៀវប្រុសស្រី ចូលរួមជាច្រើននាក់ និងបានរាំលេងកម្សាន្តទៀតផង ។ ចំណែកនៅមុខផ្ទះដែលកំពុងរៀបចំពិធី ក៏មានអ្នកលក់នំចំណីអាហារ និងស្រាផងដែរ ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា ស្រាប់តែពេលនោះមានមនុស្សផ្អើលឡើងដោយសារមានជម្លោះ វាយតប់គ្នារវាងមនុស្ស២ក្រុមនៅមុខផ្ទះដែលកំពុងមានកម្មវិធី និងចាក់ធុងបាស់ ហើយបន្តិចក្រោយមកស្រាប់តែ គេឃើញបុរសឈ្មោះ លន់ ឈួន ហៅទ្រូ អាយុ៣៦ឆ្នាំ មានទីលំនៅភូមិដើមជ្រែ ឃុំខុនរ៉ង ត្រូវជនពុំស្គាល់មុខកាប់មួយពូថៅ ស្លាប់ក្នុងថ្លុកឈាមតែម្តង ។ ជនរងគ្រោះត្រូវជនពុំស្គាល់មុខ កាប់មួយពូថៅចំបំពង់ក ។ ចំណែកនៅជិតកន្លែងជនរងគ្រោះ ប៉ូលិសបានរកឃើញពូថៅកាប់អុស១ ស្បែកជើង២សម្រាប់ កង់១ និងដំបងជាច្រើនកំណាត់ ។
ឆ្លងតាមការស្រាវជ្រាវប៉ូលិសបានកំណត់មុខ សញ្ញាជនសង្ស័យរួចហើយ តែពេលនេះកំពុងស្រាវជ្រាវរកវត្ថុតាង និងសាក្សីដាក់បន្ទុកឱ្យបានច្បាស់សិនទើបឈាន ដល់ការចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ៕