រាជធានីភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៤នាក់បានរងរបួសធ្ងន់ស្រាល ខណៈដែលជិះច្រាសទិសគ្នា។ ហេតុការណ៍នៃបានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ ត្រង់ចំណុចមុខប៊ូសក្លឹប តាមបណ្ដោយផ្លូវណតប្រ៊ីត ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1V-9441 ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីតក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលបុកម៉ូតុវេវពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1F-3588 ដែលធ្វើដំណើរបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់។
ក្រោយពេលកើតហេតុជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕